ចាក​ចេញពី PSG កំពូល​កីឡាករ​បារាំង Mbappe នឹង​អូស​កំពូល​ថ្វី​ជើង​មួយរូប​ទៅជា​មួយ?

Kilian Mbappe

មិន​ត្រឹមតែ​ចង់​ចាក​ចេញពី​ក្លឹប PSG ទៅកាន់​គោលដៅ​ក្នុង​ក្ដី​ស្រមៃ​នោះទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ Kylian Mbappe ថែមទាំង​ចង់​អូស​សហការី​ស្និទ្ធស្នាល​មួយរូប​នៅ​បារី​ស​ទៅជា​មួយ​ខ្លួន​ទៀតផង។

កាលពី​រដូវក្ដៅ​ឆ្នាំមុន Mbappe បង្កឱ្យមាន​កា​រក​ក្រើន​វិស័យ​បាល់ទាត់​នៅពេល​បោះបង់​ឱកាស​ទាត់​ឱ្យ Real Madrid ដើម្បី​នៅ​ជាមួយ PSG។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា Mbappe និង Real Madrid បាន​ផ្ដាច់ទំនាក់ទំនង​ឡើយ។

យោងតាម Football Espana កំពូល​តារាបាល់ទាត់​បា​រាំង Mbappe ចង់ទៅ​កាន់ Real Madrid នៅ​រដូវក្ដៅ​ឆ្នាំនេះ ដោយហេតុថា ស្ថានការណ៍​នៅ PSG ពេលនេះ​មាន​អស្ថិរភាព ក្នុងនោះ​មាន​ទាំង​បញ្ហា​ផ្ទៃក្នុង លទ្ធផល​នៃ​ការប្រកួត​មិនល្អ បរាជ័យ​ក្នុង​ផែនការ​ទិញដូរ​កីឡាករ​ជា​ដើម។ បញ្ហា​ទាំងនេះ​បានធ្វើឱ្យ Mbappe មានការ​សង្ស័យ​អំពី​លទ្ធភាព​ដែល​គាត់​អាច​រីកចម្រើន បើសិន​បន្ត​នៅ​ជាមួយ PSG។

Mbappe និង Hakimi

ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ​យល់ថា មានតែ​ទៅ​ចូលរួម​ជាមួយ Real Madrid នោះទេ ទើប​គាត់​អាច​ឆ្ពោះទៅ​ក្បែរ​ពានរង្វាន់ Champions League និង​គ្រាប់​បាល់​មាស។

ក៏ប៉ុន្តែ Mbappe នឹងមិន​ចង់​ចាក​ចេញទៅ​ម្នាក់ឯង​ឡើយ។ យោងតាម Football Espana ដដែល កីឡាករ​នេះ​នឹង​អូសទាញ​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន​គឺ Achraf Hakimi ទៅជា​មួយ​។

Mbappe និង Hakimi

កីឡាករ Achraf Hakimi ជា​ជនជាតិ​ម៉ា​រ៉ុ​ក និង​ត្រូវបាន​បណ្ដុះបណ្ដាល​ពី​ក្លឹប Los Blancos (Real Madrid) និង​បាន​ឡើងដល់​ក្រុម​ទីមួយ​ក្នុង​ឆ្នាំ 2017 មុនពេល​ទៅកាន់ Dortmund និង Inter។

ការដែល​មាន Hakimi ទៅជា​មួយ​នៅពេល​លេង​ឱ្យ Real នឹង​ជួយ​ឱ្យ Mbappe សម្រប​ខ្លួន​នឹង​ជីវភាព​នៅ​អេ​ស្ប៉ា​ញ​បាន​ឆាប់រហ័ស។ ជាងនេះទៀត Real ក៏ត្រូវ​បាន​គេ​ជឿថា កំពុង​ស្វែងរក​ខ្សែការពារ​ម្នាក់​ដើម្បី​ជំនួស Dani Carvajal ខណៈដែល Hakimi ក៏ត្រូវ​បាន​ទាក់ទង​ឡើងវិញ។

ការ​ទិញដូរ​កីឡាករ​ដ៏​ធំ​ខាងលើនេះ​ពិតជា​អាច​កើតឡើង​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ដោយ​តម្លៃ​សរុប​អាច​ឡើងដល់ 250 លាន​អឺរ៉ូ (180 លាន​សម្រាប់ Mbappe និង 70 លាន​សម្រាប់ Hakimi)៕

Advertisement