ក្រុមហ៊ុន Adidas បច្ចុប្បន្ន​គឺ​កើតចេញពី​រោង​ជាង​ស្បែកជើង​តូច​មួយ​​នៅក្រោយ​ផ្ទះ

Adolf Dassler បាន​បោះបង់​មុខរបរ​ធ្វើ​នំ​ដើម្បី​វិល​ទៅរក​មុខរបរ​ដេរ​ស្បែកជើងរបស់​គ្រួសារ និង​បាន​ដឹកនាំ Adidas ឆ្លងកាត់​ការលំបាក​ធំ​ៗរបស់​សេដ្ឋកិច្ច​អាល្លឺម៉ង់ បន្ទាប់ពី​សង្គ្រាមលោក​​ផ្ទុះឡើង និង​បញ្ចប់​។

Adidas គឺជា​យីហោ​ផលិតផល​កីឡា​លំដាប់​កំពូល​របស់​ពិភពលោក និង​មាន​លក់​ស្បែកជើង​ដែល​ស្ថិតក្នុង​ប្រភេទ​ប្រណិត និង​ថ្លៃ​បំផុត​លើ​ពិភពលោក។ យោងតាម​ក្រុមហ៊ុន Macro Trends តម្លៃ​មូលធន​ទីផ្សារ​របស់ Adidas គិត​ត្រឹម​ខែមករា 2023 គឺ 30 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ មុនពេល​បាន​ក្លាយជា​ក្រុមហ៊ុន​ជោគជ័យ​ដូច​សព្វថ្ងៃ Adidas ដំបូង​ឡើយ​គ្រាន់តែ​ជា​រោង​ជាង​ស្បែកជើង​ដ៏​តូច​មួយ​ប៉ុណ្ណោះ​នៅក្នុង​បន្ទប់​បោក​ខោអាវ​របស់​គ្រួសារ។

Adidas ត្រូវបាន​បង្កើតឡើង​ដោយ Adolf Dassler។ Adolf កើត​ឆ្នាំ 1900 នៅ​ទីរួមស្រុក Herzogenaurach (ប្រទេស​អាល្លឺម៉ង់) នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែលមាន​កូន 4 នាក់ ដែលមាន​ឪពុក​ជា​ជាងដេរ​ស្បែកជើង និង​ម្ដាយ​ជា​អ្នកបោក​អ៊ុតខោអាវ។ ក្រោយពី​បានបញ្ចប់​មធ្យមសិក្សា Adolf ក៏​រៀន​ធ្វើ​នំ​ទៅតាម​បំណង​របស់​ឪពុក។ ប៉ុន្តែ ដោយសារ​ការធ្វើ​នំ​មិនមែនជា​ចំណូលចិត្ត ដូច្នេះ Adolf ក៏​វិល​ទៅ​រៀន​ដេរ​ស្បែកជើង។

ក្រៅពី​ការងារ​ដេរ​ស្បែកជើង Adolf ក៏​ចូលចិត្ត​លេង​កីឡា​មួយចំនួន មានដូចជា បាល់ទាត់ និង​វាយ​បុក​ជាដើម។ ប្រការនេះ​ធ្វើឱ្យ​គាត់​រកឃើញ​គន្លឹះ​មួយ​ដែល​ក្រោយមក​បាន​ជួយ​ឱ្យ Adidas ទទួលបាន​ជោគជ័យ នោះ​គឺ «​កីឡាករ​ពេលនោះ​សុទ្ធតែ​ពាក់​ស្បែកជើង​មួយ​ប្រភេទ​ដូចគ្នា។ Adolf យល់ថា បើសិន​គេ​ធ្វើ​ស្បែកជើង​ទៅតាម​ប្រភេទ​កីឡានីមួយៗ អ្នក​ពាក់​នឹងមាន​ប្រៀប​ជាង​មុន»។

Adolf Dassler គឺជាមនុស្ស​តស៊ូ​នឹង​ការ​ងារ

ឆ្នាំ 1919 Adolf បាន​កែប្រែ​កន្លែង​បោក​អ៊ុតខោអាវ​នៅក្រោយ​ផ្ទះ​ឱ្យទៅជា​កន្លែង​ដេរ​ស្បែកជើង។ គាត់​ក៏​រកបាន​ប្រាក់​ពី​ការជួសជុល​ស្បែកជើង​ឱ្យ​អ្នកភូមិ។ ប្រការនេះ​ក៏​ជួយ​ឱ្យ​គាត់​មាន​ពេល​ច្រើន​សម្រាប់​ច្នៃ និង​ផលិត​ស្បែកជើង​ទៅតាម​ក្ដី​ស្រមៃ​ប្រកបដោយ​ការច្នៃប្រឌិត​របស់គាត់។

ឆ្នាំ 1942 Adolf និង​បងប្រុស​របស់គាត់​ក៏បាន​សហការគ្នា​បើក​ក្រុមហ៊ុន​មួយ​ដែល​ដាក់ឈ្មោះថា Dassler Brothers Shoe Factory។ ឆ្នាំ 1929 ពួកគេ​បាន​រើ​រោងចក្រ​ដេរ​ស្បែកជើង​ទៅកាន់​ទីតាំង​ថ្មី។ នៅទីនេះ ពួកគេ​ផលិត​ស្បែកជើង​រាប់រយ​គូ​ជា​រៀងរាល់ថ្ងៃ។ ទំហំ​របស់​រោងចក្រ​ក៏​ចេះតែ​ធំឡើង។ Adolf ក៏​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជា​ហូរហែ និង​បង្កើតបាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហការ​ជាមួយ​កីឡាករ ក៏ដូចជា​ក្លឹប​កីឡា​នានា​នៅក្នុង​ស្រុក និង​បរទេស។ កិច្ចការ​នេះ​ក៏​ចេះតែ​ត្រូវបាន​ធ្វើឡើង និង​ពង្រីក​វិសាល​ភាពជា​បន្តបន្ទាប់។

ឆ្នាំ 1949 Adolf បង្កើត​ក្រុមហ៊ុន Adidas ដោយ​យកតាម​ឈ្មោះ​ខ្លួនឯង គឺ Adolf (Adi) និង Dassler (das) បន្ទាប់ពី​បាន​ចែក​ក្រុមហ៊ុន​រួម Dassler Brothers Shoe Factory ជាមួយ​បងប្រុស​ ម្នាក់​ពាក់កណ្ដាល។

ក្នុង​សង្គ្រាមលោកលើកទីពីរ​ដែ​ល​កំពុង​កើតឡើង Adolf ត្រូវ​ដឹកនាំ​ក្រុមហ៊ុន​ដោយ​ការច្នៃប្រឌិត និង​ស្មារតី​រកស៊ី​ដំណាក់កាល​ដំបូង។ Adolf បាន​ប្រើប្រាស់​ទំនាក់ទំនង​ដែលមាន​ស្រាប់​របស់ខ្លួន​ដើម្បី​រក​ដៃគូ​សហការ​ដែល​អាច​ផ្គត់ផ្គង់​វត្ថុ​ធាតុ​សំណល់​ពី​សង្គ្រាម។ Adolf ក៏​រកបាន​ពាណិជ្ជសញ្ញា​សម្រាប់​ផលិតផល​របស់ខ្លួន ដែលមាន​រហូតដល់​ប​ច្ចុ​ប្បន្ន។

Adolf ត្រូវបាន​គេ​ជឿថា​ជាម​នុស្ស​ព្យាយាម តស៊ូ​នឹង​ការងារ។ ឆ្នាំ​អាយុ 50 Adolf នៅតែ​លេង​កីឡា​មួយចំនួន​ដើម្បី​តាមដាន​និន្នាការ​ប្រើប្រាស់​ស្បែកជើង​ដើម្បី​អភិវឌ្ឍ​ផលិតផល។ បន្តបន្ទាប់​មកទៀត Adidas ក៏​ចេះតែ​រកបាន​ដៃគូ​សហកា​រ និង​ដៃគូ​ជំនួញថ្មីៗ និង​ពង្រីក​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

អ្នកស្រី Kathe និង​កូន​ប្រុស​ច្បង​ Horst កាល​ពី​ឆ្នាំ 1978

លោក Adolf បានទទួល​មរណភាព​កាលពី​ឆ្នាំ 1978។ អ្នកស្រី Kathe ដែលជា​ភរិយា​របស់លោក​ក៏​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន Adidas ជាមួយនឹង​កូនប្រុស Horst រហូតដល់​អ្នកស្រី​បាន​លាចាក​លោក​កាលពី​ឆ្នាំ 1984។

បច្ចុប្បន្ន Adidas គឺជា​មួយ​ក្នុងចំណោម​យីហោ​សម្លៀកបំពាក់​កីឡា​លំដាប់​កំពូល​លើ​ពិភពលោក ទន្ទឹមនឹង Nike ឬ Puma។ ប្រាក់ចំណូល​ប្រចាំឆ្នាំ​ក្នុង​ឆ្នាំ 2021 របស់ Adidas គឺ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក កើន 10% ធៀប​នឹង​ឆ្នាំ 2020 ហើយ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​គឺ 2.3 ពាន់​លាន​ដុល្លារ៕

Advertisement