Cristiano Ronaldo ​ទទួល​​សំណង​​ក្នុង​​រឿង​ក្ដី​​រំលោភ​​ផ្លូវ​ភេទ​​កាល​ពី​​ជាង​ 13​ ឆ្នាំ​មុន

មេធាវី​របស់ Kathryn Mayorga (អ្នក​ដែល​បាន​ប្ដឹង​កីឡាករ​បាល់ទាត់ Cristiano Ronaldo ពីបទ​រំលោភបំពាន​ផ្លូវភេទ កាលពី​ឆ្នាំ 2009) ត្រូវ​តុលាការ​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត 334,637.5 ដុល្លារ​អាម៉េរិក ទៅឱ្យ​កំពូល​តារាបាល់ទាត់ Cristiano Ronaldo ព្រោះតែ​សកម្មភាព​ដែល «មិនមាន​បំណងល្អ»។

ចៅក្រម​តុលាការ​អាម៉េរិក​មួយរូប​បានប្រកាសថា មេធាវី Leslie Stovall របស់ Mayorga ត្រូវតែ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​នេះ​ដោយ​ផ្ទាល់ដៃ​ទៅឱ្យ Ronaldo។ សេចក្ដីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ បាន​និយាយថា គាត់​បាន​រង​ផលប៉ះពាល់​ដោយសារតែ «សកម្មភាព​គ្រោះថ្នាក់» របស់​មេធាវី​នៅក្នុង​រឿងក្ដី​ដែល​បានអូសបន្លាយ​ពេល​យ៉ាងយូរ​នេះ។

Cristiano Ronaldo តែងតែ​បដិសេធ​ការ​ចោទ​ដែលថា ខ្លួន​បាន​រំលោភបំពាន​ផ្លូវភេទ​លើ Mayorga ដែល​បច្ចុប្បន្ន​មាន​អាយុ 40 ឆ្នាំ នៅក្នុង​សណ្ឋាគារ​មួយ​នៅ Las Vegas កាលពី​ឆ្នាំ 2009 និង​អះអាងថា ពួកគេ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយមាន​ការព្រមព្រៀង។ ប៉ូលិស​ក៏​មិន​ធ្លាប់​បានលើកឡើង​ការចោទប្រកាន់​ណាមួយ​ឡើយ ទាក់ទង​នឹង​រឿងក្ដី​នេះ។

យោងតាម​សម្ដី​របស់ Mayora កីឡាករ Ronaldo បាន​រំលោភបំពាន​ផ្លូវភេទ​លើ​នាង​នៅ Palms Casino Resort ក្នុង​ទីក្រុង Las Vegas កាលពី​ខែមិថុនា 2009 ពេល​កីឡាករ​នេះ​កំពុង​ទាត់​ឱ្យ Man Utd។ ឆ្នាំ 2010 Mayorga បាន​យល់ព្រម​ទទួលយក​ប្រាក់ 375,000 ដុល្លារ​ពី Ronaldo ជា​ថ្នូរ​នឹង​ការយល់ព្រម​រក្សា​ការសម្ងាត់​នេះ។

Roanldo (ឆ្វេង) ក្នុងពេលសប្បាយជាមួយ Mayorga នៅក្នុងក្លឹបរាត្រី Rain

ក៏ប៉ុន្តែ មកដល់​ឆ្នាំ 2018 ស្រី​ស្អាត​ជនជាតិ​អាម៉េរិក​ខាងលើ​ក៏បាន​ប្រែ​ក្រឡាស់ និង​បានដាក់​ពាក្យបណ្ដឹង​ឡើង​តុលាការ​នៅ Las Vegas។ ក្រុម​មេធាវី​របស់ Mayorga យល់ថា កូនក្ដី​របស់ខ្លួន​ចុះហត្ថលេខា​ជាមួយ Ronaldo ក្នុងស្ថានភាព «ស្មារតី​មិនធម្មតា» និង​ត្រូវ​បង្ខំ។

ដូច្នេះហើយ Mayorga ក៏​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​រយៈពេល​ជាង 10 ឆ្នាំ ចំនួន 78 លាន​ដុល្លារ​អាម៉េរិក​ពី Ronaldo ក្រោយពី Football Leaks បង្ហើប​ឱ្យដឹង​អំពី​ការទាក់ទង​គ្នា​រវាង​មេធាវី​របស់ Ronaldo។ ខែមិថុនា 2022 ចៅក្រម​ខណ្ឌ Jennifer Dorsey បាន​ច្រានចោល​សំណើ​នេះ។

ក្រុម​មេធាវី​របស់ Ronaldo និយាយ​ច្រើនដង​ហើយ​ថា ឯកសារ​នានា​ដែល​ដើមបណ្ដឹង​ប្រមូលបាន​គឺ​ក្លែងក្លាយ និង​ធ្វើឡើង​ក្នុង​បំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​កូនក្ដី​របស់ខ្លួន។ ដូច្នេះ​ភាគី​ខាង Ronaldo ក៏​ទាមទារ​សំណង 609,680 ដុល្លារ​ដែល​បាន​ចំណាយ​លើ​រឿងក្ដី ពី​មេធាវី Leslie Stovall និង​ក្រុម​មេធាវី​របស់ Mayorga។

Kathryn Mayorga បច្ចុប្បន្ន​មាន​អាយុ 40 ឆ្នាំ

ប៉ុន្តែ ចៅក្រម Dorsey បានសម្រេច​ចិត្ត​បង្គាប់​ឱ្យ Stovall និង​សហការី បង់ប្រាក់​សំណង​ត្រឹម​ពាក់កណ្ដាល​នៃ​ការទាមទារ​ខាងលើ ព្រោះ​យល់ថា Ronaldo គួរ​ណាស់​តែ​ធ្វើ​សកម្មភាព​ឱ្យបាន​ឆាប់​ដើម្បី​ឆ្លើយតប​នឹង​ពាក្យបណ្ដឹង។

កាលពី​អំឡុងពេល​កើតហេតុ Ronaldo (មាន​វ័យ​ទើបតែ 24 ឆ្នាំ និង​ទាត់​ឱ្យ​ក្លឹប Man Utd ជា​លើកដំបូង) ទៅ​លំហែកាយ​នៅ Las Vegas ជាមួយនឹង​បងថ្លៃ និង​ប្អូនជីដូនមួយ។ ចំណែក Mayorga ដែល​កាលណោះ​មាន​វ័យ 25 ឆ្នាំ ក៏​ទើប​ចូលប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ និង​កំពុងធ្វើការ​ក្នុង​ក្លឹប​រាត្រី Rain ខាងក្នុង Palms Casino Resort។ ពួកគេ​បាន​ជួបគ្នា​នៅ​ទីតាំង VIP របស់​រី​សត​នេះ៕

Advertisement