ទិដ្ឋភាពនៅ​ជុំវិញ​កីឡដ្ឋាន​របស់វៀតណាម​ មុន​​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022

(វៀតណាម) – នៅវេលា​ម៉ោង 19 និង 30 នាទី​ព្រលប់​ថ្ងៃទី 13 មករា​នេះ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 រវាង​វៀតណាម និង​ថៃ​នឹងត្រូវ​បានធ្វើ​ឡើង។ បរិយាកាស​គាំទ្រ​ចាប់ផ្ដើម​ឡើងក​ម្ដៅ ខណៈ​ក្រុម​អ្នកគាំទ្រ​ចាប់ផ្ដើម​បង្ហាញ​វត្តមាន។

យោងតាម​សារព័ត៌មាន​វៀតណាម ក្រុម​អ្នកគាំទ្រ​វៀតណាម​បានបង្ហាញ​ខ្លួន​នៅខាងមុខ​កីឡដ្ឋាន My Dinh តាំងពី​វេលា​ថ្ងៃត្រង់ ដើម្បី​ថតរូប និង​កំសាន្ត។

បុរស​ម្នាក់​នៅក្បែរ​តំបន់​កីឡដ្ឋាន​បានឱ្យដឹងថា ដោយសារតែ​ផ្ទះ​នៅ​ជិត គាត់​បាន​ទិញ​សំបុត្រ​មួយចំនួន​ក្នុង​បំណង​ជួយ​ដល់​មិត្តភក្ដិ​ដែល​មិនមាន​ពេល​មក​តម្រង់​ជួរ​ទិញ​សំបុត្រ។ គាត់​បន្ថែមថា គាត់​ក៏មាន​សំបុត្រ​មួយចំនួន​សម្រាប់​លក់​ដ​ល់​អ្នកត្រូវការ​ដើម្បី​យកចំណេញ​បាន​ខ្លះ​ផងដែរ។

តាំងពីព្រឹក​ព្រលឹម សមត្ថកិច្ច​បានចាប់ផ្ដើម​ដំឡើង​របង​ការពារ​ពីរ​ជាន់​នៅខាងមុខ​តំបន់​កីឡដ្ឋាន ហើយ​ផ្លូវ​ឆ្ពោះ​មកកាន់​តំបន់​កីឡដ្ឋាន​នេះ​ក៏​នឹងត្រូវ​បានអនុញ្ញាត​សម្រាប់តែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ ចាប់ពី​រសៀល​នេះ។

មន្ត្រី​របស់ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម បានឱ្យដឹងថា មកដល់​រសៀល​នេះ សំបុត្រ​ចូល​ទស្សនា​នៅតែ​ដាក់លក់​នៅឡើយ។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​វៀតណាម និង​ថៃ ប៉ះគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup បន្ទាប់ពី​បាន​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ 2008 ដែល​ពេលនោះ វៀតណាម​បានឈ្នះ​ថៃ 2-1 នៅ​ជើង​ទីមួយ និង​ស្មើ 1-1 នៅ​ជើង​ចុងក្រោយ នាំឱ្យ​វៀតណាម​បានក្លាយ​ជា​ឯក​ជើង AFF Cup 2008។

នៅ​លើក​នេះ ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ថៃ វេលា​ម៉ោង 19 និង 30 នាទី​ថ្ងៃទី 16 មករា 2023៕

Advertisement