វគ្គ​ផ្ដាច់ព្រ័ត្រ​ AFF Cup 2022 – ទិដ្ឋភាព​ក្រុម​ជម្រើសជាតិ​ថៃ នៅ​អាកាសយានដ្ឋាន​វៀតណាម

(ហាណូយ)- កីឡាករ​លេខ​មួយ Teerasil Dangda ដែល​បាន​រងរបួស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ពេលនេះ​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ បាន​ទៅដល់​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ទាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​របស់ AFF Cup 2022 ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ជម្រើសជាតិ​វៀតណាម។

Teerasil Dangda ដើរ​ធម្មតា​នៅពេល​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ ចុះចត​នៅ​អាកាសយានដ្ឋាន Noi Bai កាលពី​ល្ងាច​ថ្ងៃទី 11 មករា។ កីឡា​ករលេខ​មួយ​របស់​ថៃ​រូបនេះ បាន​រងរបួស​ក្នុងការ​ប្រកួត​ឈ្នះ​ម៉ាឡេស៊ី 3-0 កាលពី​ព្រលប់​ថ្ងៃទី 10 មករា។ Teerasil Dangda ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ភាគី​ថៃ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​លម្អិត​ស្ដីពី​របួស​នោះទេ។

Teerasil Dangda កើត​ឆ្នាំ 1988 កំពុង​នាំមុខគេ​ក្នុង​បញ្ជី​ចំណាក់​ថ្នាក់​ស្ដេច​កម្ទេច​សំណាញ់​នៅ AFF Cup 2022 ដោយ​រកបាន 6 គ្រាប់ ច្រើនជាង 1 គ្រាប់ ធៀប​នឹង Nguyen Tien Linh របស់​វៀតណាម។ Teerasil Dangda គឺជា​កីឡាករ​តែ​ម្នាក់​គត់​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2008 រវាង​ថៃ និង​វៀតណាម ដែល​នៅមាន​វត្តមាន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ។ កាលណោះ Teerasil Dangda រកបាន 1 គ្រាប់ ប៉ុន្តែ ថៃ​បាន​ចាញ់ 2-3 ក្រោយ​ការប្រកួត​ពីរ​ជើង។

ក្រុម​ជម្រើសជាតិ​ថៃ ជិះ​យន្តហោះ​ពីរ​គ្រឿង​ទៅកាន់​ហាណូយ ដោយសារ​មិនមាន​កៅ​អី​​គ្រប់គ្រាន់។ ប៉ុន្តែ ព្រោះតែ​យន្តហោះ​មួយគ្រឿង​ត្រូវ​ចេញដំណើរ​យឺត ដូច្នេះ​ពួកគេ​ហាក់​មាន​វត្តមាន​ស្របគ្នា​នៅ​អាកាសយានដ្ឋាន Noi Bai នៅវេលា​ម៉ោង​ប្រហែល​ពី 18 និង 25 នាទី ទៅ 18 និង 30 នាទី។

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Mano Polking របស់​ក្រុម​ជម្រើសជាតិ​ថៃ ក៏បង្ក​ការចាប់អារម្មណ៍​ពេលទៅដល់ Noi Bai។ គ្រូបង្វឹក​រូបនេះ​ធ្លាប់​ធ្វើការ​នៅ​វៀតណាម ដោយបាន​ដឹកនាំ​ក្លឹប​ទីក្រុង HCM ពី​ឆ្នាំ 2020 ដល់ 2021។

ម៉ោង​ប្រហែល 20 ក្រុម​កីឡាករ​ថៃ បាន​ចេញពី​តំបន់​ទទួល​អីវ៉ាន់ ទៅកាន់​រថយន្ត។ គ្រូបង្វឹក Mano Polking គឺជា​អ្នក​ដែល​បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ក្រោយ​គេ។

ក្រុម​ថៃ ​ចំណាយពេល 40 នាទី​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សណ្ឋាគារ Hyatt ដែលមាន​ចម្ងាយ​ពី​កីឡដ្ឋាន My Dinh ប្រហែល 5 នាទី បើ​ជិត​រថយន្តក្រុង។ ទីនេះ​ក៏​ជា​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ឥណ្ឌូណេស៊ី ពេល​ធ្វើជា​ភ្ញៀវ​នៅ​វៀតណាម៕

Advertisement