ហេតុអ្វី​តារា​សម្ដែង «Romeo and Juliet» ប្ដឹង​ទារ​រាប់រយ​លាន​ដុល្លារ ព្រោះតែ​ការថត​រឿង​កាល​ពី​ជាង 50 ឆ្នាំ​មុន?

Olivia Hussey (ស្ដាំ) និង Leonard Whiting

តារា​សម្ដែង​ពីររូប​របស់​រឿង «Romeo and Juliet» បាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជាង 500 លាន​ដុល្លារ​អាម៉េរិក ព្រោះតែ​ទិដ្ឋភាព​ «ក្ដៅសាច់» ​ក្នុង​ភាពយន្ត​ដែល​ពួកគេ​បាន​ថត​កាលពី 55 ឆ្នាំមុន។

នៅ​អំឡុងពេល​ថត​រឿង Romeo and Juliet របស់​អ្នក​ដឹក​រឿង Franco Zeffirelli តារា​សម្ដែង Olivia Hussey (បច្ចុប្បន្ន​មាន​វ័យ 71 ឆ្នាំ) និង Leonard Whiting (72 ឆ្នាំ) មាន​អាយុ​ទើបតែ 15 និង 16 ឆ្នាំ​ប៉ុណ្ណោះ។ ពេលនេះ ពួកគេ​បាន​ប្ដឹង​ក្រុមហ៊ុន Paramount ឡើង​តុលាការ Los Angeles ដោយ​ចោទថា បាន​រំលោភបំពាន​ផ្លូវភេទ បៀតបៀន​ផ្លូវភេទ និង​ឆបោក។

ទំព័រ India Express បាន​បកស្រាយ​អំពី​មូលហេតុ​ដែលនាំឱ្យ​តារា​សម្ដែង​ទាំងនេះ​ដាក់ពាក្យ​ប្ដឹង ក្រោយ​ការថត​ភាពយន្ត «Romeo and Juliet» បាន​កន្លងទៅ​រាប់សិប​ឆ្នាំ។

កាលពី​ឆ្នាំ 2020 រដ្ឋ California បាន​បន្ថែម​ពេល 3 ឆ្នាំ​ទៀត​ដល់​ប្រជាជន​វ័យ​លើសពី 40 ឆ្នាំ ដើម្បី​អាចដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​អំពើ​រំលោភបំពាន​ផ្លូវភេទ​ដែល​ពួកគេ​បាន​រងគ្រោះ​កាលពី​នៅ​តូច សូម្បីតែ​ហេតុការណ៍​ដែល​អស់​សុពលភាព​ក្នុងការ​ជំនុំជម្រះ។ ពេលវេលា​ខាងលើ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 31 ធ្នូ 2022 ហើយ​ពាក្យបណ្ដឹង​របស់ Hussey និង Whiting ត្រូវបាន​ដាក់​ឡើង​តុលាការ​មុន​នោះ​មួយថ្ងៃ។ បណ្ដឹង​នេះ​ស្ថិតក្នុង​ចំណោមបណ្ដឹង​​រាប់ពាន់​​ដែល​ស្រដៀង​ករណី​របស់ Hussey និង Whiting។

ភាពយន្ត​រឿង Romeo and Juliet ទទួលបាន​ជោគជ័យ​ទាំង​នៅក្នុង​ការលក់​សំបុត្រ ទាំង​បេក្ខភាព​ពានរង្វាន់ Oscar។ ប៉ុន្តែ ភាពយន្ត​នេះ​ក៏​ធ្វើឱ្យមាន​ភាពចម្រូងចម្រាស​ផងដែរ​ទាក់ទង​នឹង​ទិដ្ឋភាព​លើ​គ្រែ​របស់​តួអង្គ​សំខាន់ ក្នុងនោះ​មាន​ទាំង​​ទិដ្ឋភាព​​​លេច​ទាំង​គូទ​របស់ Whiting និង​ដើមទ្រូង​ទាំងមូល​របស់ Hussey។ តារា​សម្ដែង​ទាំងពីរ​បានឱ្យដឹងថា បាន​ទ្រាំ​នឹង​ការឈឺចាប់​ផ្លូវ​ចិត្ត​​អស់​រយៈពេល 55 ឆ្នាំ​មកហើយ។ បើទោះជា​ខ្សែភាពយន្ត​ទទួលបាន​ជោគជ័យ ប៉ុន្តែ​អាជីព​របស់ Hussey និង Whiting រីកចម្រើន​បាន​តិចតួច។

Solomon Gresen តំណាង​របស់​តារា​សម្ដែង​ខាងលើ​និយាយថា ការខូចខាត​ដែល Romeo and Juliet បង្កឡើង​ទៅលើ​តារា​សម្ដែង​នៅតែ​មិន​ថយចុះ ពិសេស​​នៅពេល​ភាពយន្ត​ត្រូវបាន​ផ្សាយ​ឡើងវិញ។

អ្នកនិពន្ធ Peter Bradshaw របស់ Guardian យល់ថា ពាក្យបណ្ដឹង​របស់ Leonard Whiting និង Olivia Hussey អាចជួយ​ឱ្យ​ចលនា #MeToo លេចឡើង​ជាថ្មី​នៅ Hollywood។ Peter Bradshaw ឱ្យដឹងថា មូលហេតុ​ចម្បង​ដែលនាំឱ្យ​កើតមាន​ភាពចម្រូងចម្រាស​នេះ​គឺ​ដោយសារ​វិធីសាស្ត្រ​ផលិតភាព​យន្ត​កាលពី​អតីតកាល​អាច​ត្រូវបាន​ចាត់ទុកថា​មិន​សមស្រប​នឹង​ទិដ្ឋភាព​នាបច្ចុប្បន្ន។ Peter Bradshaw លើក​​អំណះអំណាង​ថា កេរ្តិ៍ឈ្មោះ​របស់ Bernardo Bertolucci បាន​រង​ផល​អាក្រក់​ជា​រៀងរហូត​នៅពេល​គាត់​សារភាពថា មិនបាន​ប្រាប់​អ្នក​សម្ដែង Maria Schneider ឱ្យដឹង​ជាមុន​អំពី​សកម្មភាព​លម្អិត​ស្ដីពីឈុត​ «ក្ដៅ​សាច់» នៅក្នុង​ការថត​ភាពយន្ត​រឿង Last Tango in Paris (1972)។ អ្នកដឹកនាំ​រឿង​ជនជាតិ​អ៊ីតាលី បាន​សារភាព​រឿងនេះ​បន្ទាប់ពី Schneider បានទទួល​មរណភាព​កាលពី​ឆ្នាំ 2011។

ក្រៅពី​រឿងរ៉ាវ​ទាំងឡាយ​ខាងលើ ក៏​នៅមាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ជាច្រើន​ទៀត​ដែល​បាន​កើតឡើង​កាលពី​អតីតកាល។ ក៏ប៉ុន្តែ រឿងរ៉ាវ​ខ្លះ​មិនអាច​ទម្លាក់កំហុស​ទាំង​ស្រុង​ទៅលើ​អ្នកដឹកនាំ​រឿង ឬ​ផលិតករ​ភាពយន្ត​នោះឡើយ។ ព្រោះថា នៅក្នុង​អតីតកាល អ្នក​សម្ដែង​ត្រូវ​បង្ខំចិត្ត​ថត​ឈុត​​ស្រើបស្រាល​តាំងពី​ទើប​ចូលប្រលូក​ក្នុង​វិស័យ​ភាពយន្ត ដើម្បី​មាន​ឈ្នាន់​សម្រាប់​ការអភិវឌ្ឍ​អាជីព​របស់​ពួកគេ។ Kirsten Dunst ធ្លាប់​ថើប Brad Pitt នៅពេល​ថត​រឿង Interview With the Vampire កាលពី​មាន​អាយុទើប​តែ​ 11 ឆ្នាំ។ អ្នកស្រី​ធ្លាប់​និយាយថា មិន​ពេញ​ចិត្តនឹង​ទិដ្ឋភាព​នោះ ប៉ុន្តែ​មិនបាន​បញ្ចេញមតិ​អ្វី​បន្ថែមទៀត។

យោងតាម Peter Bradshaw លទ្ធផល​នៃការ​ជំនុំ​ជម្រះ​​រឿងក្ដី​នៅ​តុលាការ​រវាង​តារា​សម្ដែង​របស់ «Romeo and Juliet» និង​ក្រុមហ៊ុន Paramount Pictures អាចបង្កើត​ឱ្យមាន​រល​ក​នៃ​ការ​ប្ដឹងផ្ដល់​ថ្មី​នៅ Hollywood ដូច​ទៅនឹង​ចលនា #MeToo ដែល​បាន​ផ្ទុះឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន៕

Olivia Hussey (ស្ដាំ) និង Leonard Whiting
Olivia Hussey (ឆ្វេង) និង Leonard Whiting
Olivia Hussey (ឆ្វេង) និង Leonard Whiting
Advertisement