កូនស្រី​របស់​ស្ថាបនិក Huawei ថត​ភាពយន្ត​ជាមួយនឹងកំពូល​តារា​សម្ដែង Liu Yifei 

ស្រីស្អាត Annabel Yao កូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុនចិន Huawei លោក Ren Zhengfei

ស្រីស្អាត Annabel Yao ដែលជា​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ចិន Huawei លោក Ren Zhengfei សម្ដែង​ជា​តួអង្គ​រង​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place ដែលមាន​​កំពូល​តារា​សម្ដែង Liu Yifei (Crystal Liu) សម្ដែង​ជា​តួឯក។

នាង​ Annabel Yao វ័យ 25 ឆ្នាំ សម្ដែង​ជា​តួអង្គ​ម្ចាស់​ហាង​ចាបហួយនៅ​​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place (Meet Yourself) ​ដែល​ចាប់​បញ្ចាំង​តាំងពី​ថ្ងៃទី 03 មករា 2023។

នៅលើ​វេទិកា​អន​ឡាញ​នានា អ្នកគាំទ្រ​ជាច្រើន​បានឱ្យដឹងថា ពួកគេ​ភ្ញាក់ផ្អើល​នៅពេល​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស Huawei សម្ដែង​ជា​តួរង ព្រោះថា កន្លង​មក​នាង​ត្រូវបាន​គេ​ឡង់សេ​ខ្លាំង​រាប់​ចាប់តាំងពី​ពេល​ឈាន​ជើង​ចូលក្នុង​វិស័យ​ក​ន្សា​ន្ត។ មុនពេល​សម្ដែង​ក្នុង​រឿង​ខាងលើ Annabel Yao បាន​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី រឿង The Water Murmurs, 2022។

ខុសពី​បណ្ដា​គម្រោង​ថត​ភាពយន្តមុនៗ លើក​នេះ Annabel Yao ទទួលបាន​ការកោតសរសើ​រ​ច្រើន ដោយ​សារ​តែ​នាង​អាច​បង្ហាញ​លក្ខណៈ​បែប​ធម្មជាតិ ស្លូតត្រង់ និង​បែប​អ្នក​ជនបទពិតៗ។ ក៏ប៉ុន្តែ នៅ​មានមតិ​រិះគន់​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​អ្នកខ្លះ​ថា សម្រស់​របស់​នាង​ធម្មតាៗ បើសិន​មិនមាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ទេ នាង​ពិបាក​នឹង​បាន​សម្ដែង​ជា​តួអង្គ​លេចធ្លោ។

នាង Annabel Yao គឺជា​កូនស្រី​ពៅ​របស់លោក Ren Zhengfei ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដូច្នេះ នាង​ក៏​តែង​ត្រូវបាន​អ្នកយកព័ត៌មាន​ចិន​ហៅថា «ព្រះ​នាង​របស់ Huawei» (Huawei ត្រូវ​បាន​ សហរដ្ឋ​​អាម៉េរិក ដាក់​ទណ្ឌកម្ម ដោយ​ចោទ​ថា ជា​អ្នក​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​ប្រទេស​នេះ)។ នាង​បាន​ចូលប្រលូក​ក្នុង​វិស័យ​កម្សាន្ត​តាំង​ពីដើមឆ្នាំ 2021 ក្រោយពី​បាន​រៀន​ចប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard។ Annabel Yao ធ្លាប់​បញ្ចេញ MV ចំនួន 2 ប៉ុន្តែ សុទ្ធតែ​ត្រូវបាន​សហគមន៍​អ្នកជំនាញ និង​ទស្សនិកជន​វាយតម្លៃ​ទាប៕

Advertisement