ឥណ្ឌូណេស៊ី មិន​ធ្លាប់​បាន​ចាញ់​​ក្រោម​ថ្វី​ជើង​របស់​ វៀតណាម នៅ AFF Cup ចាប់តាំងពី​ក្រោយ​ឆ្នាំ 1996

វៀតណាម (ក្រហម) ប្រកួត​នឹង ឥណ្ឌូណេស៊ី​ នៅ​ AFF Cup 2020

លើកចុងក្រោយ​បង្អស់​ដែល ឥណ្ឌូណេស៊ី ត្រូវ​ចាញ់​វៀតណាម នៅ AFF Cup គឺ​នៅ​ឆ្នាំ 1996 ដោយ​វៀតណាម បានឈ្នះ 3-2 ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លេខ 3។

នៅក្នុង​ការប្រកួត​ចាញ់ វៀតណាម 2-3 នៅ AFF Cup 1996 ដែល​កាលណោះ​នៅ​ប្រើ​ឈ្មោះ Tiger Cup ក្រុម​របស់ ឥណ្ឌូណេស៊ី រកបាន 2 គ្រាប់ ខណៈ វៀតណាម ស៊ុត​បញ្ចូល​ទី​របស់​គូប្រកួត​បាន 2 គ្រាប់ ចំណែក​គ្រាប់​ទី 3 ដែល វៀតណាម រកបាន គឺ​ដោយសារ​កីឡាករ​ឥណ្ឌូណេស៊ី ទាត់​ចូល​ទី​ខ្លួនឯង។

ក្នុង​រយៈពេល 26 ឆ្នាំក្រោយ​ការប្រកួត​ខាងលើ ឥណ្ឌូណេស៊ី មិន​ធ្លាប់បាន​ចាញ់​វៀតណាម​ម្ដងណា​ទៀតឡើយ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍។ ក្នុងអំឡុង​ពេលនោះ ឥណ្ឌូណេស៊ី ធ្លាប់​បានឈ្នះ​លើ វៀតណាម 3-2 ក្នុង​ឆ្នាំ 2000, ស្មើ 2-2 ក្នុង​ឆ្នាំ 2002, ឈ្នះ 3-0 នៅ​ឆ្នាំ 2004, ស្មើ 1-1 នៅ​ឆ្នាំ 2007, ស្មើ 2-2 នៅ​ឆ្នាំ 2014, ឈ្នះ 2-1 និង​ស្មើ 2-2 នៅ​ឆ្នាំ 2016 ហើយ​ស្មើ 0-0 ក្នុង​ឆ្នាំ 2020។

លទ្ធផល​ខាងលើនេះ​កំពុងតែ​ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​ទឹកចិត្ត​ក្នុងការ​ប្រឈមមុខ​នឹង វៀតណាម នៅ​ជុំ​ដំបូង​ដែល​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 06 មករា 2023។ ជា​សរុប ក្នុង​ប្រវត្តិសាស្ត្រ ឥណ្ឌូណេស៊ី និង​វៀតណាម បាន​ប៉ះគ្នា​ចំនួន 25 ប្រកួត ក្នុងនោះ ឥណ្ឌូណេស៊ី បានឈ្នះ 8 ប្រកួត, ស្មើ 10 ប្រកួត និង​ចាញ់ 7 ប្រកួត។

យោងតាម Bola ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​គូប្រកួត​ធំ​ចំនួន 3 គឺ ថៃ វៀតណាម និង ម៉ាឡេស៊ី៕

Advertisement