Ronaldo ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ទៅ​ទាត់​ឱ្យ​​ក្លឹប Newcastle

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កីឡា Marca កីឡាករ Cristiano Ronaldo អាច​លេង​នៅ Champions League រដូវ​កាល​ក្រោយ បន្ទាប់ពី​គាត់​ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ចេញពី​ក្លឹប Al Nassr ទៅកាន់ Newcastle។

ក្នុងករណី Newcastle ដណ្ដើមបាន​សំបុត្រ​ទៅ​ចូលរួម​ប្រកួត​នៅ Champions League 2023-2024 លក្ខខណ្ឌ​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​រវាង Ronaldo និង​ក្លឹប Al Nassr របស់ អារ៉ាប៊ីសាអូឌីត នឹងត្រូវ​បាន «ដាស់»។ ពេលនោះ Ronaldo មាន​សិទ្ធិ​ស្នើ Al Nassr អនុញ្ញាតឱ្យ Newcastle ខ្ចី​គាត់​ទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Champions League 2023-2024។

សារព័ត៌មាន​ខាងលើ​មិនបាន​និយាយ​ច្បាស់​ថា Newcastle បាន​យល់ព្រម​បន្ថែម Ronaldo ហើយ ឬ​នៅ ប៉ុន្តែ ក្លឹប​អង់គ្លេស Newcastle កំពុង​ត្រូវបាន​គ្រប់​គ្រង​ដោយ​ ​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ខណៈដែល Al Nassr ក៏​ជា​ក្លឹប​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ។ Marca គឺជា​ទីភ្នាក់ងារសារព័ត៌មាន​ធំ​ដំបូង​គេ​មួយ​ដែល​បាន​រាយការណ៍​ថា Ronaldo នឹងចូលរួម​ជាមួយ​ក្លឹប Al Nassr។

Ronaldo ដាក់​លក្ខខណ្ឌ​នេះ​ក៏​ព្រោះតែ​ចង់​ការពារ​កំណត់ត្រា​នានា​របស់គាត់​នៅ Champions League ក្នុងនោះ​មាន​ជាអាទិ៍ ការ​ស៊ុត​បញ្ចូល​ទី​បាន 141 គ្រាប់ និង​បង្ក​ឱកាស​បាន 42 គ្រាប់ជា​ដើម។ កំណត់ត្រា​របស់ Ronaldo កំពុង​រង​ការគំរាមកំហែង​ពី Messi ម្ចាស់​ជើងឯក World Cup 2022 ដែល​រកបាន 129 គ្រាប់ និង​បង្ក​ឱកាស​បាន 40 គ្រាប់។

កាលពី​ថ្ងៃទី 14 វិច្ឆិកាឆ្នាំ 2022 គ្រូបង្វឹក Eddie Howe បាន​លុបបំបាត់​លទ្ធភាព​ដែល​ Newcastle អាច​ទិញ Cristiano Ronaldo ដោយ​​បាន​និយាយថា ក្លឹប​នេះ​កំពុងមាន​ក្រុម​កីឡាករ​វ័យចំណាស់ៗ ហើយ​គាត់​ចង់​បន្ថែម​កីឡាករ​វ័យក្មេង​ដែលមាន​សក្ដានុពល។ ក៏ប៉ុន្តែ ក្រុម​ថៅកែ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត នៅតែមាន​ទឹកមាត់ប្រៃ​មិន​អន់​ដែរ លើ​ការសម្រេចចិត្ត​ក្នុងការ​ទិញដូរ​កីឡាករ​របស់ Newcastle៕

Advertisement