AFF Cup 2022 – គ្រូបង្វឹក​របស់​ថៃ ៖ «មិនអាច​ធ្វេស​​ប្រហែសបាន​​នឹង​​ក្រុមកម្ពុជា»

គ្រូបង្វឹក Mano Polking មិន​ចង់ឃើញកីឡាករ​​ក្រុម​ជម្រើសជាតិ​របស់ ថៃ ភ្លេចខ្លួន​ព្រោះតែ​ត្រូវបាន​វាយតម្លៃ​ខ្ពស់ជាង​ក្រុម​របស់ កម្ពុជា នៅពេល​ប៉ះគ្នា​ក្នុង​ជុំ​ចុងក្រោយ​នៃ​ពូ​ល A នៅ AFF Cup 2022 នា​ព្រលប់​នេះ។

ក្រុម​ជម្រើសជាតិ​ថៃ បច្ចុប្បន្ន នាំមុខគេ​នៅ ពូ​ល A ដោយមាន 7 ពិន្ទុ ក្រោយ​ទាត់​បាន 3 ប្រកួត ស្មើនឹង ឥណ្ឌូណេស៊ី ប៉ុន្តែ​ត្រូវ​នៅ​ពីលើ ដោយសារ​គ្រាប់​បាល់​ចំណេញ (goal difference) របស់ ថៃ +9 ចំណែក ឥណ្ឌូណេស៊ី +8។ នៅ​ជុំ​ចុងក្រោយ​ដែល​ត្រូវ​ប្រកួត​នៅ​ម៉ោង 19 និង 30 នាទី​ថ្ងៃនេះ កម្ពុជា ដែលជា​ក្រុម​នៅ មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ឈរ​លំដាប់​ទី 3 និង​មាន 6 ពិន្ទុ នឹង​ត្រូវ​ធ្វើជា​ភ្ញៀវ​នៅ​ទីលាន​របស់​ថៃ។

«គ្រប់គ្នា​គិតថា យើង​នឹង​យកឈ្នះ​លើ កម្ពុជា ប៉ុន្តែ ថៃ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ កម្ពុជា កំពុង​លេង​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​របស់ Keisuke Honda» គ្រូបង្វឹក​របស់ ថៃ Polking ថ្លែង​ដូច្នេះ។

លោក Polking បន្តថា ក្រុម​កីឡាករ​ថៃ មានប្រៀប​ដោយសារ​ជា​ម្ចាស់ផ្ទះ ហើយ​កីឡាករ​មាន​ភាពជឿជាក់ និង​ត្រៀម​យកឈ្នះ​លើ កម្ពុជា។

គ្រូបង្វឹក Mano Polking របស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ

នៅក្នុង​ម៉ោង​ដូចគ្នានេះដែរ ឥណ្ឌូណេស៊ី នឹង​ធ្វើជា​ភ្ញៀវ​របស់ ហ្វ៊ី​លី​ពី​ន។ ក្រុម​ដែល​ដណ្ដើមបាន​តំណែង​កំពូល​តារាង​ទំនងជា​នឹង​អាច​គេច​បាន​ពី​ការប្រកួត​នឹង វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Advertisement