គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចោទថា ឥណ្ឌូណេស៊ី «ប្រើល្បិច​មិនល្អ»

គ្រូបង្វឹក Keisuke Honda របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

គ្រូបង្វឹក Keisuke Honda ឱ្យដឹងថា គាត់​ត្រូវបាន​គេ​រំខាន​ដំណេក​ដោយ​ការ​ស៊ី​ញូ​ទូរស័ព្ទ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 22 ធ្នូ មួយ​ថ្ងៃមុន​ការប្រកួត​រវាង កម្ពុជា និង ឥណ្ឌូណេស៊ី ក្នុង​ជុំ​ទី​ពីរ​របស់​ពូ​ល A នៅ AFF Cup 2022។

លោក Keisuke Honda បង្ហោះ​សារ​នៅលើ Twitter ថា គាត់​បានទទួល​ទូរស័ព្ទ​ពីរដង​នៅក្នុង​សណ្ឋាគារ​នៅវេលា​ទៀបភ្លឺ។ «ពេលនោះ​គឺ​ម៉ោង 4 ទៀបភ្លឺ» គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា សរសេរ​ដូច្នេះ។ «មុនពេល​ខ្ញុំ​លើក​ទូរស័ព្ទ ខ្សែ​ម្ខាង​ទៀត​ក៏បាន​បិទ»។

អតីត​កំពូល​កីឡាករ​បាល់ទាត់​ជប៉ុន រូបនេះ ទំនងជា​ចង់​និយាយថា ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី មាន​ចេតនា​រំខាន​មុន​ការប្រកួត។ ទន្ទឹមនឹងនេះ គាត់​ក៏​បារម្ភ​ថា កីឡាករ​កម្ពុជា ក៏​អាច​ត្រូវបាន​គេ​រំខាន​ដូច្នេះ​ដែរ។ លោក Keisuke Honda បន្តថា «ខ្ញុំ​នឹង​និយាយ​ជាមួយ​កីឡាករ​អំពី​វិធីសាស្ត្រ​ទប់ទល់​មួយចំនួន»។

យោងតាម​អតីត​កីឡាករ​របស់ AC Milan រូបនេះ ករណីបែបនេះ​នៅតែ​កើតឡើង​នៅមុន​ពេល​មានការ​ប្រកួតសំខាន់។ កម្ពុជា នឹង​ត្រូវ​ប៉ះ ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី នៅ​វេលាម៉ោង 16 និង 30 នាទី ថ្ងៃទី 23 ធ្នូ​ 2022។

កម្ពុជា បានចាប់ផ្ដើម​ប្រកួត​នៅ AFF Cup 2022 (AFF Mitsubishi Electric Cup) យ៉ាង​រលូន តាមរយៈ​ជ័យជម្នះ 3-2 លើ ហ្វ៊ី​លី​ពី​ន ក្នុងការ​ប្រកួត​ជុំ​ដំបូង។ ចំណែក​ការប្រកួត​នៅ​រសៀល​ថ្ងៃទី 23 ធ្នូ ជាមួយ កម្ពុជា ទើប​ជាការ​ចាប់ផ្ដើម​ដំបូងរ​បស់ ឥណ្ឌូណេស៊ី។ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី សង្ឃឹមថា នឹង​ដណ្ដើមបាន​តំណែង​ជើងឯក AFF Cup លើក​នេះ។

ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ចាប់​ផ្ដើម​ដោយ​រលូន​នៅ AFF Cup 2022

គ្រូបង្វឹក​របស់ កម្ពុជា ឱ្យដឹងថា «ការប្រកួត​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ហើយ​បង្កប់​ដោយ​ការលំបាក ភាព​តានតឹង។ យើង​នឹង​ត្រៀម​ឱ្យបាន​ល្អ​បំផុត​សម្រាប់​ការ​ប៉ះគ្នា​នេះ»។ ជាក់ស្ដែង ក្នុងការ​ប្រកួត 17 លើក​កន្លងមក ឥណ្ឌូណេស៊ី ឈ្នះ 16 ប្រកួត និង​ស្មើ 1 ប្រកួត។ នៅ AFF Cup 2021 ឥណ្ឌូណេស៊ី បានឈ្នះ កម្ពុជា 4-2។

AFF Cup 2022 គឺជា​រដូវ​កាល​ទី​បី​បន្តបន្ទាប់​ដែល Honda ធ្វើការ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។ មុន​ការប្រកួត គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ក៏​ធ្លាប់បាន​រិះគន់ថា កាលបរិច្ឆេទ​ប្រកួត​របស់ កម្ពុជា គឺជា​អ​ម្រែ​ក​ធ្ងន់ ហើយ​ការប្រកួត 3 ថ្ងៃ​ម្ដង​គឺជា​រឿង​មិន​សមស្រប។

គ្រូបង្វឹក Keisuke Honda កើត​ឆ្នាំ 1986 ធ្លាប់​ចូលរួមប្រកួត​នៅ World Cup ចំនួន 3 លើក ចាប់ពី​ឆ្នាំ 2010 និង 2018 និង​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដណ្ដើមបាន​តំណែង​ជើងឯក Asian Cup 2021។ លោក Honda ក៏​ធ្លាប់​ធ្វើឱ្យ​មានការ​សាទរ​នៅពេល​ប្រកួត​ឱ្យ CSKA Moscow (រុស្ស៊ី) និង AC Milan (អ៊ីតាលី) នៅ អឺរ៉ុប ផងដែរ។ ឆ្នាំ 2018 លោក Honda បានសម្រេច​ចិត្ត​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅទីនេះ៕

Advertisement