ក្រោយការជួសជុលរយៈពេល 6 ឆ្នាំ ក្រុមអ្នកជំនាញរបស់ ឥណ្ឌា ក៏បានប្រគល់ក្រុមបាសាទ A, H និង K មកឱ្យ វៀតណាម និងបានបើកទ្វារទទួលទេសចរចាប់ពីថ្ងៃទី 20 ធ្នូ 2022។
ដំណើរការនៃជួសជុល ក្រុមរបស់ ឥណ្ឌា គឺការជម្រះស្មៅ ស្ដារប្រព័ន្ធបង្ហូរទឹកខាងក្នុង និងជុំវិញ កែលំអគ្រឹះ និងខឿនរបស់ប្រាសាទដោយប្រើប្រាស់ឥដ្ឋ និងជញ្ជាំង។ល។
វៀតណាម និងឥណ្ឌា កាលពីឆ្នាំ 2014 បានចុះអនុស្សារណៈនៃការយោគយល់ក្នុងការអនុវត្តគម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទ H, K និង A ដែលត្រូវចំណាយថវិកាជាង 60 ពាន់លានដុង (ជាង 2.5 លានដុល្លារអាម៉េរិក) ក្នុងនោះ ឥណ្ឌា ផ្ដល់ជំនួយ 50 ពាន់លានដុង (2.1 លានដុល្លារ)។ ឆ្នាំ 2017 ក្រុមអ្នកជំនាញមកពី វិទ្យាស្ថានបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្ដើមដំណើរការជួសជុល។
បណ្ដុំប្រាសាទមីស៊ឺន ខាងលើ ក្នុងនោះមានទាំងប្រាសាទដែលមានរូបសំណាកលិង្គ និងយោនីជាដើម គឺជាស្នាដៃស្ថាបត្យកម្មរបស់ អតីតប្រទេសចម្ប៉ា ដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីប្រទេសវៀតណាម។
លោក Subhash Prasad Gupta ឯកអគ្គរដ្ឋទូតរងឥណ្ឌាប្រចាំវៀតណាម ឱ្យដឹងថា ខាងលើគឺជាចំណុចចាប់ផ្ដើមនៃការជួសជុលបណ្ដាប្រាសាទចាមនៅ វៀតណាម។ ពេលខាងមុខ ឥណ្ឌា នឹងបន្តជួយដល់ វៀតណាម ក្នុងការជួសជុលប្រាសាទចាម ផ្សេងទៀត។
ក្រុមប្រាសាទបុរណរបស់អតីតប្រទេសចម្ប៉ា ស្ថិតនៅក្នុងខេត្តក្វាងណាំ (Quang Nam) ភាគកណ្ដាលប្រទេសវៀតណាម និងនៅមិនឆ្ងាយប៉ុន្មានធៀបនឹងតំបន់កន្ទុយនាគរបស់កម្ពុជា។ នេះគឺជាបណ្ដុំនៃប្រាសាទបុរាណរបស់ ចាម ដែលមានទីតាំងក្នុងជ្រលងភ្នំមួយដែលមានអង្កត់ផ្ចិតប្រហែល 2 គីឡូម៉ែត្រ និងព័ទ្ធជុំវិញដោយព្រៃភ្នំ។
ឆ្នាំ 1999 បណ្ដុំប្រាសាទមីស៊ឺន (My Son Sanctuary) ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌពិភពលោក៕