រថយន្ត​អគ្គិសនី Apple Car តម្លៃ​ក្រោម 100,000 ដុល្លារ បង្ហាញខ្លួន​នៅ​ឆ្នាំ 2026

យោងតាម Bloomberg ក្រុមហ៊ុន Apple កំពុង​កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2026 យឺត​ជាង​មួយឆ្នាំ ធៀប​នឹង​គម្រោង​ដំបូង។

ខុសពី​ផែនការ​ដំបូង រថយន្ត​អគ្គិសនី​នេះ​នឹងមាន​តម្លៃ​ក្រោម 100,000 ដុល្លារ​អាម៉េរិក ហើយ Apple ក៏​នឹង​បោះបង់​មហិច្ឆតា​ដែលថា Apple Car នឹង​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្ត​កម្រិត 4 ឬ 5 ដែល​មិនចាំបាច់​មាន​អន្តរាគមន៍​ពី​មនុស្ស។ Apple Car នឹង​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត​កម្រិត 3 ពោលគឺ​កម្រិត​ខ្ពស់ ប៉ុន្តែ​ត្រូវការ​អន្តរាគមន៍​រប​ស់​អ្នកបើកបរ​នៅក្នុង​ស្ថានការណ៍​គ្រោះថ្នាក់។

រថយន្ត Apple Car នឹង​អនុញ្ញាតឱ្យ​អ្នកបើកបរ​កំសាន្ត​អារម្មណ៍​ជាមួយនឹង​អេក្រង់​ទូរទស្សន៍ ដូចជា ការលេង​ហ្គេម ឬ​មើល​ភាពយន្ត​ជាដើម នៅពេល​បើកបរ​លើផ្លូវ​ល្បឿន​លឿន។

ពុំទាន់​មាន​ព័ត៌មាន​ដែលថា Apple នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​នៅឡើយ ប៉ុន្តែ Apple នឹងចូលរួម​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ទន់ និង​ផ្នែក​រឹង​ដើម្បី​ជួយ​ដល់​មុខងារ​បើកបរ​ស្វ័យប្រវត្ត។ នេះ​មិនមែនជា​រឿង​ថ្មី​នៅក្នុង​វិស័យ​ផលិត​រថយន្ត ព្រោះថា កន្លងមក Huawei ក៏​ធ្លាប់បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Seres ដើម្បី​ផលិត AITO M5។

រថយន្ត​ AITO M5 ដែល​ជា​ផលិត​ផល​នៃ​កិច្ច​សហការ​រវាង Huawei និង Seres

យោងតាម​អ្នកយកការណ៍​របស់ Bloomberg ក្រុមហ៊ុន Apple កំពុង​ចំណាយ​ប្រាក់​ប្រហែល 1 ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ សម្រាប់​គម្រោង​ផលិត​រថយន្ត Apple Car (Project Titan)។

ក្រុមហ៊ុន​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​រូបរាង​ចុងក្រោយ​របស់ Apple Car ប៉ុន្តែ​មាន​ព័ត៌មាន​និយាយថា ការ​រចនា​រូបរាង​របស់ Apple Car ត្រូវបាន​កំណត់ថា​នឹង​រួចរាល់​នៅ​ឆ្នាំ 2023 និង​បំពាក់​មុខងារ​នានា​សព្វគ្រប់​នៅ​ឆ្នាំ 2024 ហើយ​សាកល្បង​បើកបរ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ 2025 មុននឹង​នឹង​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ 2026។

តាម​គម្រោង រថយន្ត Apple Car ដែល​នឹងមាន​តម្លៃ​ក្រោម 100,000 ដុល្លារ​អាម៉េរិក​នេះ នឹង​ប្រកួតប្រជែង​ផ្ទាល់​ជាមួយនឹង Tesla Model S ឬ EQS របស់ Mercedes-Benz៕

Advertisement