អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាត់បង់​តំណែង​អ្នកមាន​ជាងគេ​ពីរលើក​ក្នុង​មួយថ្ងៃ​

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស

នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​គិត​តាម​ពេលវេលា​ជាក់ស្ដែង​របស់ Forbes មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​លោក ប៊ែ​រណា អាក​ណូ (Bernard Arnault) ម្ចាស់​កម្មសិទ្ធិ​របស់ Louis Vuitton យកឈ្នះ​ពីរលើក កាលពី​ម្សិលមិញ។

ក្នុង​រយៈពេល 14 ខែ​ក្រោយពី​ដណ្ដើមបាន​តំណែង​របស់ ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) ដែលជា​ម្ចាស់ Amazon លោក អ៊ី​ឡុ​ន ម៉ាស នាយក​ប្រតិបត្តិ​របស់ Tesla និង Twitter បាន​បាត់បង់​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក បើទោះជា​ក្នុង​រយៈពេល​ខ្លី នេះ​បើតាម យោងតាម Forbes។

ជាក់ស្ដែង នៅវេលា​ជិត​ថ្ងៃត្រង់​នៃ​ថ្ងៃទី 07 ធ្នូ 2022 ទ្រព្យសម្បត្តិ​របស់លោក ម៉ាស ត្រូវបាន​គណនា​ឃើញថា មាន 185.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ទាប​ជាង 100 លាន​ដុល្លារ ធៀប​នឹង​លោក អាក​ណូ ប្រធាន​របស់ LVMH ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​យីហោ Louis Vuitton។ មកដល់​ថ្ងៃត្រង់ ថ្ងៃទី 07 ធ្នូ លោក ម៉ាស ក៏​ដណ្ដើម​តំណែង​នេះ​បានមក​វិញ។ ប៉ុន្តែ ដល់​ម៉ោង 15 និង 30 នាទី លោក អាក​ណូ ក៏​ដណ្ដើមបាន​ម្ដងទៀត​ជា​លើក​ទី​ពីរ​ក្នុង​ថ្ងៃ​ម្សិលមិញ។

មហា​សេដ្ឋី​បារាំង លោក ប៊ែ​រណា អាក​ណូ (Bernard Arnault)

នៅពេល​ទីផ្សារ (ផ្សារ​ហ៊ុន) បិទទ្វារ​កាលពី​ថ្ងៃទី 07 ធ្នូ ម្ចាស់ Twitter ក៏​បន្ត​ឡើងកាន់​កាប់​តំណែង​លេខ​មួយ ដោយមាន​ទ្រព្យ 185.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង 700 លាន​ដុល្លារ ធៀប​នឹង​មហាសេដ្ឋី​បារាំង អាក​ណូ។

ចំណែក​បញ្ជី​ចំណាត់ថ្នាក់​​មហា​សេដ្ឋី​របស់ Bloomberg វិញ បង្ហាញថា CEO របស់ Tesla នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 179 ពាន់​លាន​ដុល្លារ ខ្ពស់ជាង 14 ពាន់​លាន​ដុល្លារ ធៀប​នឹង​មហាសេដ្ឋី​បារាំង អាក​ណូ ដែល​មានតែ 165 ពាន់​លាន​ដុល្លារ៕

 

Advertisement