Messi និង Ronaldo មាន​ភាពខុសគ្នា​ឆ្ងាយ​នៅ​រដូវ​កាល World Cup 2022

Messi និង Ronaldo

នៅ កាតា Lionel Messi ប្រៀបបាន​ទៅនឹង «ព្រះ​ចន្ទ​ពេញបូណ៌មី» ក្នុង​អាជីព នៅ World Cup ខណៈដែល Cristiano Ronaldo កាន់តែ​ដូច​ទៅនឹង «ព្រះ​ចន្ទ 15 កើត​ដែល​ត្រូវ​ពពក​បាំង»។

កំពូល​កីឡាករ Messi និង Ronaldo ដែល «រត់ប្រណាំង​ទន្ទឹមគ្នា» អស់​រយៈពេល​ជាង 10 ឆ្នាំ​មកហើយ​នេះ សុទ្ធតែ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដណ្ដើម​យកពាន​រង្វាន់​ជើងឯក World Cup 2022។ ក៏ប៉ុន្តែ Messi និង Ronaldo បង្ហាញ​អំណាច​ផ្ទុយគ្នា​ចាប់តាំងពី​ដើមរដូវ​កាល។

Messi គឺជា​ប្រភព​ជំរុញ​ទឹកចិត្ត​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឡើងដល់​វគ្គ 1/8 នៅ World Cup 2022។ នៅ​វគ្គ​ចែក​ពូ​ល កំពូល​តារាបាល់ទាត់​វ័យ 35 Messi រកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់​នៅក្នុង​ការប្រកួត​ចាញ់ អា​រ៉ា​ប៊ី​សា​អូឌីត 1-2 និង 1 គ្រាប់​ក្នុងការ​ប្រកួត​ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0។ ក្នុង​វគ្គ 1/8 ពេល​ប៉ះ អូស្ត្រាលី Messi ក៏​បន្ត​រកបាន 1 គ្រាប់​ទៀត ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ 2-1។

កំពូល​កីឡាករ Messi

ទំព័រ WhoScored បានដាក់​ពិន្ទុ​ឱ្យ Messi 7.39 ពិន្ទុ ក្នុងការ​ប្រួត​ជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត ហើយ 8.4, 8.18 និង 8.15 ពិន្ទុ​សម្រាប់ 3 ប្រកួត​បន្តបន្ទាប់​ទៀត។ ជា​មធ្យម ពិន្ទុ​របស់​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន គឺ 7.94។

ចំណែក Ronaldo របស់ ព័រទុយហ្កាល់ វិញ ទើប​រកបាន 1 គ្រាប់ ក្នុងការ​ប្រកួត​ឈ្នះ ហ្កា​ណា 3-2។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ ថែមទាំង​ធ្វើឱ្យមាន​ភាពចម្រូងចម្រាស​នៅពេល​ទាមទារ​គ្រាប់​បាល់​ឈ្នះ​របស់ Bruno Fernandes ក្នុងការ​ប្រកួត​ឈ្នះ អ៊ុយ​រូ​ហ្កា​យ ក្នុង​ជុំ​ទី​ពីរ។ ក្រុមហ៊ុន Adidas ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជាក់ថា បាល់​មិនបាន​ប៉ះ Ronaldo ហើយ​គណៈកម្មការ​ក៏បាន​យក​គ្រាប់​បាល់​នេះ​ឱ្យ Fernandes។

ក្រោយមក Ronaldo ក៏បាន​បង្ហាញ​ការខឹង​សម្បា នៅពេល​ត្រូវបាន​គ្រូបង្វឹក​ប្ដូរ​ចេញ​តាំងពី​ដើមតង់​ទី​ពីរ​ពេល​ប៉ះ កូរ៉េខាងត្បូង នាំឱ្យ​លោក Fernando Santos មិន​ពេញចិត្ត។ មកដល់​ការប្រកួត​ឈ្នះ ស្វ៊ី​ស 6-1 ក្នុង​វគ្គ 1/8 Ronaldo ត្រូវបាន​ដាក់​ជា​កីឡាករ​បម្រុង ហើយ Goncalo Ramos ត្រូវ​ទាត់​ជំនួស និង​បង្កើតបាន hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) ជា​លើកដំបូង​របស់ World Cup 2022។

Ronaldo ក្លាយ​ជា​កីឡាករ​បម្រុង​ជាលើក​ដំបូង​

ទំព័រ Whoscored បានដាក់​ពិន្ទុ​ឱ្យ Ronaldo 7.36 ពិន្ទុ នៅក្នុង​ការប្រកួត​ជាមួយ ហ្កា​ណា និង​ការប្រកួត​បន្តបន្ទាប់​ទៀត​គឺ 6.63, 5.11 និង 6.07 ពិន្ទុ ធ្វើឱ្យ​ពិន្ទុ​មធ្យម​របស់​ខ្សែប្រយុទ្ធ ព័រទុយហ្កាល់ នេះ បានត្រឹមតែ 6.29 ពិន្ទុ។

មិន​ត្រឹមតែ​ពិន្ទុ​នោះទេ សារព័ត៌មាន​របស់ អង់គ្លេស Sunsport ក៏បាន​បញ្ចេញ​ស្ថិតិ​ជំនាញ​បង្ហាញ​អំពី​ភាព​ផ្ទុយគ្នា​ទាក់ទង​នឹង​កម្លាំង​របស់ Messi និង Ronaldo ផងដែរ។ ជាក់ស្ដែង Messi ស៊ុត​ចំ​គោលដៅ 10 គ្រាប់, បង្កើត​ឱ​កា​ស៊ុត 13 លើក, បញ្ជូន​បាល់ 209 គ្រាប់, បង្កកំហុស 4 លើក, រកបាន 3 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ នៅក្នុង 4 ប្រកួត​កន្លង។

ចំណែក​ស្ថិតិ​សម្រាប់ Ronaldo វិញ​គឺ ស៊ុត​ចំ​គោលដៅ 2 គ្រាប់, បង្ក​ឱកាស​ស៊ុត 3 លើក, បញ្ជូន​បាល់ 81 លើក, បង្កកំហុស 2 លើក, រកបាន 1 គ្រាប់ និង​មិនទាន់មាន​ការបង្ក​ឱកាស​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នៅឡើយ៕

Advertisement