កម្ពុជា ទទួលបាន​ប្រាក់កម្ចី 50 លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ការប្រកួត​ប្រ​ជែក

(ហ្វ៊ី​លី​ពី​ន)- ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានអនុម័ត​ប្រាក់កម្ចី​ដែលមាន​តម្លៃ 50 លាន​ដុល្លារ​អាម៉េរិក ទៅតាម​កម្មវិធី​រង 1 នៃ​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង ក្នុង​បំណង​ជួយ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាស​កល។

កម្មវិធី​ខាងលើ​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ-19 នៅ កម្ពុជា តាមរយៈ​ការគាំទ្រ​ដល់​ការកែទម្រង់​របស់ រាជរដ្ឋាភិបាល ដើម្បី​កែលំអ​បរិស្ថាន​វិនិយោគ និង​ពាណិជ្ជកម្ម ការជំរុញ​វឌ្ឍនភាព​របស់​បណ្ដា​អាជីវកម្ម​ខ្នាតតូច​បំផុត និង​សហគ្រាស​ធុន​តូច និង​មធ្យម រួម​នឹង​ការកែលំអ​គោលនយោបាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការសម្រួល​វិស័យ​ពាណិជ្ជកម្ម។

កម្មវិធី​នេះ​ក៏​នឹង​ជួយ​ឱ្យ កម្ពុជា កែលំអ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការសម្រួល​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​បង្កបង្កើត​ឱកាស​សម្រាប់​សហគ្រាស​ក​ម្ពុ​ជា ក្នុងការ​នាំចេញ​ទំនិញ​ផងដែរ៕

Advertisement