គម្រោង​ផ្លូវ​ល្បឿន​លឿន 12 ខ្សែ ភ្ជាប់​ពី​ភាគ​ខាងជើង​មក​ភាគខាងត្បូង​របស់ វៀតណាម កំពុង​ត្រៀម​បើក​ការដ្ឋាន​សាងសង់

ផ្លូវ​ល្បឿន​លឿន​មួយ​នៅ​ វៀតណាម

ខែធ្នូ​ខាងមុខ វិស័យ​គមនាគមន៍​នៅ វៀតណាម នឹង​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ឧត្ដរ-ទក្សិណ​ចំនួន 12 ខ្សែ សម្រាប់​ដំណាក់កាល 2021-2025។

ក្រសួង​ដឹកជញ្ជូន​វៀតណាម កំពុងតែ​បង្ហើយ​នីតិវិធី​ដើម្បី​បើក​ការដ្ឋាន​សម្រាប់​កញ្ចប់​គ​ម្រោ​ង​ទាំង 12 ដែលជា​ផ្នែក​នានា​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ភាគ​ខាងជើង ភាគ​កណ្ដាល និង​ភាគខាងត្បូង ដំណាក់កាល 2021-2025 ដែលមាន​ទុនវិនិយោគ​សរុប 147,000,000,000,000 (147 ទ្រី​លាន) ដុង ដែល​ប្រហែល​នឹង 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។

បណ្ដា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ខាងលើ​មាន​ប្រវែង​សរុប​ប្រមាណ 729 គីឡូម៉ែត្រ ដែល​អូសបន្លាយ​ពី​ភាគ​ខាងជើង មក​ភាគខាងត្បូង។ បច្ចុប្បន្ន ការងារ​វាយតម្លៃ និង​អនុម័ត​លើ​ឯកសារ​ស្ដីពី​បច្ចេកទេស ការប៉ាន់ប្រមាណ​តម្លៃ​សម្រាប់​កញ្ចប់​ដេញថ្លៃ​គម្រោង​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​រួចរាល់​ហើយ ដោយ​រង់ចាំតែ​ការកំណត់​ថ្ងៃ​សម្រាប់​ការដេញថ្លៃ​ការសាងសង់ និង​ការងារ​មួយចំនួន​តូច​ទៀត​ប៉ុណ្ណោះ។

ខែធ្នូ​ខាងមុខនេះ វិស័យ​គមនាគមន៍​វៀតណាម ក៏​នឹង​ជំរុញ​ដំណើរ​ការត្រៀម​សម្រាប់​ការបើក​ឱ្យប្រើ​ប្រាស់ ក៏ដូចជា​ការដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ជើង-ត្បូង​ចំនួន 3 ខ្សែ​នៅ​ភាគ​ខាងជើង ភាគ​កណ្ដាល ភាគខាងត្បូង​ផងដែរ៕

Advertisement