World Cup 2022 – នៅសល់​ 6 ក្រុម​ទៀត​ដែល​ត្រូវ​ឡើងទៅ​កាន់​វគ្គ 1/8

Julian Alvarez និង​កីឡាករ​របស់ អាហ្សង់ទីន អបអរ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​គួរ​ឱ្យ​រំភើប​ ក្នុង​ការ​ប្រកួត​ជាមួយ ​ប៉ូឡូញ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2022

មកដល់​បច្ចុប្បន្ន មាន 10 ក្រុម​ហើយ​ដែល​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ 1/8 របស់ World Cup 2022 នៅ ប្រទេស​កាតា ក្រោយពី​ការប្រកួត​មួយចំនួន​កាលពី​យប់​ថ្ងៃទី 30 វិច្ឆិកា ក្នុងនោះ​សាខា​ចំនួន 2 នៅ​វគ្គ 8 ក្រុម​នេះ​ត្រូវបាន​កំណត់​រួចហើយ។

4 ពូ​ល​ដំបូង​បានបញ្ចប់​ដោយ​មិនបាន​បង្ក​ការភ្ញាក់ផ្អើល​ច្រើន។ ក្រុម​ខ្លាំង​ដូចជា ហូ​ឡង់ អង់គ្លេស អា​ហ្ស​ង់​ទីន និង បារាំង សុទ្ធតែ​ឈរ​កំពូល​តារាង។ សេ​ណេ​ហ្កា​ល់ សហរដ្ឋ​អាម៉េរិក ប៉ូឡូញ និង អូស្ត្រាលី ឈរលើ​ចំណាត់ថ្នាក់​លេខ 2 ក្នុង​ពូ​លនីមួយ។

4 គូ​ដំបូង​នៅ​វគ្គ 1/8 ត្រូវបាន​កំណត់​រួចហើយ ក្នុងនោះ ហូ​ឡង់ នឹង​ប៉ះ សហរដ្ឋ​អាម៉េរិក, អា​ហ្ស​ង់​ទីន ប៉ះ អូស្ត្រាលី, អង់គ្លេស ប៉ះ សេ​ណេ​ហ្កា​ល់ និង បារាំង ត្រូវ​ទាត់​នឹង ប៉ូឡូញ។ បើសិន​បណ្ដា​ក្រុម​ដែល​ត្រូវបាន​វាយតម្លៃថា​ខ្លាំង​ជាង សុទ្ធតែ​ឈ្នះ នោះ World Cup 2022 អាច​នឹង​បានឃើញ ហូ​ឡង់ ប៉ះ អា​ហ្ស​ង់​ទីន និង អង់គ្លេស ប៉ះ បារាំង ក្នុង​វគ្គ 8 ក្រុម​បន្ទាប់​នេះ។

4 ពូ​ល​ចុងក្រោយ​នឹងត្រូវ​ប្រកួត​ជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃទី 01 ធ្នូ និង 02 ធ្នូ ដើម្បី​រក 4 គូ​ទៀត​ឡើងទៅ​កាន់​វគ្គ 1/8។ ក្នុងនោះ ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ បាន​ប្រាកដថា​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល បើ​ទោះ​មិនទាន់​ដឹង​ច្បាស់​ថា នឹងត្រូវ​ឡើងទៅ​កាន់​សាខា​ណាមួយ​នៅ​វគ្គ 8 ក្រុម ព្រោះថា ពួកគេ​សុទ្ធតែ​ត្រូវការ​តែ​លទ្ធផល​ស្មើ​នៅ​ជុំ​ចុងក្រោយ ដើម្បី​នាំមុខគេ​នៅ​ពូ​ល G និង H។ ពេលនោះ ប្រេ​ស៊ី​ល នឹង​ធ្លាក់​ទៅក្នុង​សាខា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែលមាន អា​ហ្ស​ង់​ទីន ចំណែក ព័រទុយហ្កាល់ នឹង​ស្ថិតក្នុង​សាខា​ដែលមាន អង់គ្លេស និង​បារាំង។

មកដល់ពេលនេះ មាន 9 ក្រុម​ត្រូវបាន​ជម្រុះ​ពី World Cup 2022 និង 10 ក្រុម​បាន​បន្តដំណើរ។ នៅមាន 13 ក្រុម​​ទៀត​ដែល​ត្រូវ​ដណ្ដើម​សំបុត្រ​ចំនួន 6 ដែល​នៅ​សល់ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ 8 ក្រុម​ ជា​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) ដែលមាន​អត្រា​ជិត​ស្មើនឹង មួយ​ទល់នឹង​មួយ។ អេ​ស្ប៉ា​ញ ក្រូ​អាត និង ម៉ា​រ៉ុ​ក សុទ្ធតែ​ត្រូវ​ការ​តែ​លទ្ធផល​ស្មើ​នៅ​ជុំ​ចុងក្រោយ​ដើម្បី​បន្តដំណើរ ចំណែក​បណ្ដា​ក្រុម​​ក្រៅពីនេះ​គឺ​ត្រូវតែ​ឈ្នះ ឬ​ឈ្នះ​ច្រើន​ទើប​អាច​ឡើងទៅ​វគ្គ​បន្ទាប់។

វគ្គ 8 ក្រុម​ចុង​ក្រោយ​ (ពាក្យ TBD ឬ To Be Declared មាន​ន័យថា មិន​ទាន់​ដឹង​)

2 ក្រុម​ដែល​ត្រូវបាន​វាយតម្លៃ​ខ្ពស់ កំពុង​តែមាន​ហានិភ័យ​ត្រូវ​ជម្រុះ នោះ​គឺ អាល្លឺម៉ង់ និង បែលហ្ស៊ិក។ អាល្លឺម៉ង់ ត្រូវការ​ឈ្នះ ក្រូ​អាត នៅ​ជុំ​ចុងក្រោយ ហើយ​សង្ឃឹមថា ជប៉ុន នឹងមិន​ឈ្នះ អេ​ស្ប៉ា​ញ។ ចំណែក បែលហ្ស៊ិក វិញ ត្រូវតែ​ឈ្នះ ក្រូ​អាត ដើម្បី​បាន​ចូល​វគ្គ 1/8។

ពិន្ទុ​របស់​បណ្ដា​ក្រុម​នៅ​ពូ​ល G និង H កំពុងតែ​ដូចគ្នា ហើយ​គូប្រកួត ស៊ែ​ប៊ី – ស្វ៊ី​ស និង ហ្កា​ណា – អ៊ុយ​រូ​ហ្កា​យ នៅ​ពូ​លនីមួយៗនឹងមាន​អំណាច​ច្រើន​ក្នុងការ​កំណត់​ទៅលើ​ដំណើរ​បន្ទាប់​របស់​ពួកគេ។ ក្រុម​ដែល​ឈ្នះ​ក្នុង 2 គូ​នេះ នឹងមាន​ឱកាស​ច្រើន​ក្នុង​ការឡើង​ទៅកាន់​វគ្គ​ជម្រុះ​ផ្ទាល់។ ព្រោះថា គូប្រកួត​ក្រៅពីនេះ គឺ ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ សុទ្ធតែ​ពី​បាក​ចាញ់៕

Advertisement