អតីត CEO របស់​ផ្សារ​​ជួញ​ដូរ​​ប្រាក់​​ឌីជីថល​​គ្រីបតូ​ FTX ​៖ ​«ខ្ញុំ​​នៅ​សល់​តែ​ 100,000​ ដុល្លារ​​គត់ ​ក្នុង​​គណនី

អតីត​មហាសេដ្ឋី និង​អតីត​ CEO របស់ FTX លោក Sam Bankman-Fried

នៅក្នុងពេល «ឡើងដល់​កំពូល» Sam Bankman-Fried ដែល​កាលណោះ​គឺជា​នាយក​ប្រតិបត្តិ​របស់ FTX មានទ្រព្យ​រហូតដល់ 26 ពាន់​លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ​បច្ចុប្បន្ន នៅ​សល់​តែ​ 100,000 ដុល្លារ​ប៉ុណ្ណោះ​។

មួយរយៈ​ចុងក្រោយ​នេះ ព័ត៌មាន​ស្ដីពី Sam Bankman-Fried អតីត CEO របស់​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ FTX ដែល​ទើបតែ​បានប្រកាស​ក្ស័យធន តែង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន។ ថ្មីៗនេះ នៅលើ​ទំព័រ Axios កាលពី​ថ្ងៃទី 28 វិច្ឆិកា Bankman-Fried ឱ្យដឹងថា ទ្រព្យ​បច្ចុប្បន្ន​របស់គាត់​ថយចុះ​នៅត្រឹម 100,000 ដុល្លារ​គត់ ក្រោយ​ការដួលរលំ​របស់ FTX។

មុន​នោះ នៅក្នុងពេល​ប្រាក់​ឌីជីថល​គ្រីប​តូ​មានការ​ពេញនិយម​ខ្លាំង Sam Bankman-Fried មានទ្រព្យ​រហូតដល់ 26 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ធ្លាប់ជា​មហាសេដ្ឋី​វ័យ​ក្រោម 30 ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក នៅក្នុង​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ។

អតីត CEO និង​ជា​ស្ថាបនិក​របស់ FTX បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​កាលពីដើម​ខែវិច្ឆិកា នៅពេល​ទ្រព្យ​របស់គាត់​ធ្លាក់ចុះ​ពី 15.6 ពាន់​លាន​ដុល្លារ មក​នៅត្រឹម 1 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ បន្ទាប់ពី​មាន​ព័ត៌មាន​ថា ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល FTX ត្រូវការ​ជំនួយ​សង្គ្រោះ។

Sam Bankman-Fried

បច្ចុប្បន្ន ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតីត​មហាសេដ្ឋី​រូបនេះ ពិតជា​ដុនដាប​ខ្លាំងណាស់ ព្រោះថា «គ្រប់យ៉ាង» របស់គាត់​គឺ​ភ្ជាប់​ទៅនឹង FTX ជា​ក្រុមហ៊ុន​ដែល​ទើបតែ​បានប្រកាស​ក្ស័យធន។

FTX បាន​ចុះឈ្មោះ​សុំ​ក្ស័យធន ចំណែក​ Bankman-Fried ក៏បាន​លាលែង​ពី​តំណែង CEO របស់​ក្រុមហ៊ុន FTX កាលពី​ថ្ងៃទី 11 វិច្ឆិកា ក្រោយ​ការប្រឹងប្រែង​ជួយសង្គ្រោះ ប៉ុន្តែ​មិនបាន​សម្រេច។

ឯកសារ​កាលពី​ថ្ងៃទី 19 វិច្ឆិកា បង្ហាញថា FTX កំពុង​ជំពាក់​បំណុល​សរុប​ជាង 10 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ម្ចាស់បំណុល​ធំ​ចំនួន 50 ម្ចាស់ ដែលមាន​តម្លៃ​ជាង 3 ពាន់​លាន​ដុល្លារ។ អតិថិជន និង​អ្នកវិនិយោគ​ប្រហែល 1 លាន​នាក់ និង​ស្ថាប័ន​ បាន​ក្លាយជា​ជនរងគ្រោះ​របស់ FTX៕

Advertisement