ធនាគារពិភពលោក ៖ កម្ពុជា មា​នស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល «ល្អ​ជាង​មុន»

«អបអរសាទរ​ដល់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​ស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើង​ពី​កម្រិត C កាលពី​ឆ្នាំ 2020 មក​កម្រិត B នៅ​ចុងឆ្នាំ 2022 នេះ» នេះ​បើតាម​ការឱ្យ​ដឹង​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា។

យោងតាម​ក្រសួង​ខាងលើ ថ្មីៗនេះ ធនាគារពិភពលោក បានបង្ហាញ​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ 2022 សម្រាប់ធ្វើ​ការវាស់វែង​លើ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​រដ្ឋាភិបាល នៅតាម​ប្រទេសនីមួយ។

ស​ន្ទ​ស្សន៍ GTMI គឺជា​ការ​បន្សំ​នៃ​អនុ​ស​ន្ទ​ស្សន៍ 4 ទៀត​គឺ 1-ស​ន្ទ​ស្សន៍​នៃ​ប្រព័ន្ធ​ស្នូល​របស់​រដ្ឋាភិបាល (Core Government Systems Index – CGSI), 2-ស​ន្ទ​ស្សន៍​ការផ្តល់​សេវាសាធារណៈ (Public Service Delivery Index – PSDI), 3-ស​ន្ទ​ស្សន៍​ការចូលរួម​របស់​ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និង 4-ស​ន្ទ​ស្សន៍​បច្ចេកវិទ្យា​រដ្ឋាភិបាល​ជំរុញ (GovTech Enablers Index – GTEI)។

នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ដែល​ទទួលបាន​កម្រិត A មាន សិង្ហ​បុរី, ថៃ, ម៉ាឡេស៊ី, និង ឥណ្ឌូនេស៊ី, កម្រិត B មាន កម្ពុជា, វៀតណាម, ប្រ៊ុយណេ និង​ហ្វី​លី​ពិន ខណៈ​កម្រិត C មាន ឡាវ និង​កម្រិត D មាន មី​យ៉ាន់​ម៉ា៕

Advertisement