គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​របស់​ទីក្រុង​ធំជាងគេ​នៅ​វៀតណាម នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ

(ទីក្រុង​ហូជីមិញ)-កម្មករ​រាប់សិប​នាក់​កំពុងតែ​ដំឡើង​កញ្ចក់​សុវត្ថិភាព Tempered glass ចំនួន 85 ផ្ទាំង សម្រាប់​ដំបូល​អណ្ដូង​កម្ពស់ 6 ម៉ែត្រ របស់​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​កំណាត់​ផ្លូវដែក Line 1 ដែលជា​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​នៅ ទីក្រុង​ហូជីមិញ (ព្រៃនគរ)។

ស្ថាបត្យកម្ម​នៃ​ដំបូល​អណ្ដូង​របស់​ស្ថានីយ​នេះ​គឺជា​ចំណុច​ពិសេស​ដែលជា​និមិត្តរូប​របស់​ស្ថានីយ​ក្រោម​ដី​នេះ ក៏ដូចជា​របស់​កំណាត់​ផ្លូវដែក Metro លេខ 1 (Line 1)។

អណ្ដូង​ដំបូល​កញ្ចក់​នេះ​នឹង​ផ្ដល់​ពន្លឺ​សម្រាប់​ផ្នែក​ខាងក្រោម​របស់​ស្ថានីយ​រថភ្លើង និង​បង្កើតបានជា​លំហ ជួយ​ឱ្យ​អ្នកដំណើរ​អាច​មើលឃើញ​ផ្សារ​ធំ​នៅក្បែរនោះ។

អណ្ដូង​ក្រោម​ដី​ដែលជា​ស្ថានីយ​រថភ្លើង​ស្ថិតក្នុង​គម្រោង Line 1 នេះ មាន​រូបរាង​មូល កម្ពស់ 6 ម៉ែត្រ និង​មាន​អង្កត់ផ្ចិត 21.6 ម៉ែត្រ មាន​ដំបូល​ធ្វើ​អំពី​កញ្ចក់ សុវត្ថិភាព tempered glass ចំនួន 85 ផ្ទាំង ដែល​មួយផ្ទាំងៗមាន​ទម្ងន់ 245 គីឡូក្រាម និង​ត្រូវបាន​នាំចូល​ពី ប្រទេស​ជប៉ុន។

ស្ថានីយ​ក្រោម​ដី​ខាងលើនេះ​មាន​បណ្ដោយ 236 ម៉ែត្រ, ទទឹង 60 ម៉ែត្រ, ជម្រៅ​ប្រហែល 32 ម៉ែត្រ និង​មាន 4 ជាន់។ នេះ​គឺជា​ចំណុច​ត​ភ្ជាប់​រវាង​ខ្សែ​រថភ្លើង​នានា​នៅក្នុង​ទីក្រុង​ហូជីមិញ ដែលជា​ទីក្រុង​ធំជាងគេ​នៅ ប្រទេស​វៀតណាម។ ទីនេះ​ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដែលមាន​ទំហំ 45,000 ម៉ែត្រក្រឡា។

កំណាត់​ផ្លូវ Metro លេខ 1 គឺជា​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង​ដំបូង​នៅ ទីក្រុង​ហូជីមិញ និង​មាន​ប្រវែង​ជិត 20 គីឡូម៉ែត្រ។ គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ជិត 44 ទ្រី​លាន​ដុង (ប្រហែល 1.76 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ គ្រោង​នឹង​បើក​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ត្រីមាស​ទី 4 នៃ​ឆ្នាំ 2023៕

Advertisement