គម្រោង «មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ» ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ

គម្រោង «មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ» – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី 40 និង 41 នេះ​បើតាម​ការប្រកាស​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ការដាក់​បង្ហាញ​គម្រោង​ខាងលើ​នេះ​ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 11 វិច្ឆិកា ឆ្នាំ​ 2022 នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​​ជា​មួយ​នឹង​ឯកឧត្តម​បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ក៏ដូចជា​ភាគី​ពាក់ព័ន្ធ។

គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន YCH Group ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន និង​ការផ្គត់ផ្គង់​សេវាកម្ម​ជា​ចង្កោម​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី។ ការដាក់​បង្ហាញ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន YCH Group កាលពី​ខែមីនា 2021។

«គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ពហុ​បំណង​ភ្នំពេញ PPLC ត្រូវបាន​ចាត់ជា​អាទិភាព​ទៅក្នុង​ផែនការមេ​ថ្នាក់ជាតិ​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ឆ្នាំ 2022-2030» នេះ​បើតាម​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន។

ការដាក់​បង្ហាញ​គម្រោង PPLC ជា​ផ្លូវការ​នាឱកាស​នេះ គឺ​ឆ្លុះបញ្ចាំង​អំពី​ការជំរុញ​លើក​ចិត្តការ​វិនិយោគ​រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​ក្នុងស្រុក និង​ការពង្រឹង​ការតភ្ជាប់​លើ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ (GMS) អាស៊ាន និង​ពិភពលោក។ល។

Advertisement