មហាសេដ្ឋី​អាម៉េរិក​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) គ្រោង​នឹង​បញ្ឈប់​បុគ្គលិក​ជិត 4,000 នាក់​របស់ Twitter

មហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk)

លោក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​គេ​ជឿថា កំពុងតែ​ត្រៀម​បញ្ឈប់​ការងារ​របស់​បុគ្គលិក​ចំនួន​ពាក់កណ្ដាល​របស់​បណ្ដាញ​សង្គម Twitter នៅក្នុង​សប្ដាហ៍​នេះ។

យោងតាម The Verge មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ បាន​ជួបពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​យោបល់​កាលពី​ព្រលប់​ថ្ងៃទី 02 វិច្ឆិកា ក្នុងនោះ​មាន​ទាំង​អតីត​នាយក​ប្រតិបត្តិ​របស់ PayPal លោក David Sacks ផងដែរ។ លោក Sacks ត្រូវបាន​គេ​ព្យាករ​ថា អាច​នឹង​ចូលកាន់​តំណែង​ជា​អ្នកគ្រប់គ្រង Twitter នាពេល​អនាគត។

ប្រភពព័ត៌មាន​ខាងលើ​ឱ្យដឹងថា លោក ម៉ាស បានកំណត់​ផែនការ​បញ្ឈប់​បុគ្គលិក​ប្រហែល 3,800 នាក់​នាពេលខាងមុខ។ ចំណែក Bloomberg វិញ ផ្សាយ​ថា តួលេខ​នេះ​គឺ 3,700 នាក់។ បច្ចុប្បន្ន បណ្ដាញ​សង្គម Twitter មាន​បុគ្គលិក​ជាង 7,500 នាក់។

យោងតាម Bloomberg សេចក្ដីជូន​ដំណឹង​​អំពី​ការបញ្ឈប់​បុគ្គលិក​ខាងលើ​​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃស្អែក (04 វិច្ឆិកា)។ បុគ្គលិក​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​នេះ​អាច​ទទួលបាន​សំណង​​​រយៈពេល 60 ថ្ងៃ។

ផែនការ​ខាងលើនេះ​បាន​លេចឡើង​បន្ទាប់ពី​លោក ម៉ាស បាន​បញ្ឈប់​ការងារ​មេដឹកនាំសំខាន់ៗរបស់ Twitter មានដូចជា CEO Parag Agrawal និង​ក្រុមប្រឹក្សាភិបាល​ដែលមាន​មនុស្ស 9 នាក់ ក្រោយពី​គាត់​បាន​ចូល​គ្រប់គ្រង​បណ្ដាញ​សង្គម​នេះ៕

Advertisement