«អ្នក​ស្នង​មរតក​របស់ Samsung» ចូល​គ្រប់គ្រង​ក្រុមហ៊ុន​តម្លៃ 250 ពាន់​លាន​ដុល្លារ​ជា​ផ្លូវការ

លោក Jay Y. Lee

ក្រោយ​រយៈពេល​ជាង 2 ឆ្នាំ​ដែល​ត្រូវបាន​ពន្យារពេល​ព្រោះតែ​បញ្ហា​ផ្លូវច្បាប់ Jay Y. Lee នាពេលថ្មីៗនេះ ទើបតែ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​ក្រុមហ៊ុន Samsung Electronics ជា​ផ្លូវការ។

នា​ថ្ងៃទី 27 តុលា ក្រុមប្រឹក្សាភិបាល​របស់ Samsung Electronics បានអនុម័ត​លើ​ការជ្រើសរើស​លោក Jay Y. Lee ជា​ប្រធាន​ក្រុមហ៊ុន​ដែលមាន​តម្លៃ 250 ពាន់​លាន​ដុល្លារ​អាម៉េរិក​មួយ​នេះ។ មុន​នោះ លោក​ត្រូវបាន​គេ​ជឿថា នឹង​ចូលកាន់​តំណែង​នេះ​ក្រោយពី​ឪពុក​របស់លោក​គឺ​លោក Lee Kun-hee បានទទួល​មរណភាព​កាលពី​ឆ្នាំ 2020 ប៉ុន្តែ ត្រូវបាន​ពន្យារពេល​ដោយសារតែ​ការស៊ើបអង្កេត​របស់​តុលាការ​ទាក់ទង​នឹង​អំពើ​សូកប៉ាន់ ដែលនាំឱ្យ​ទាយាទ​របស់ Samsung រូបនេះ​ត្រូវ​ជាប់ពន្ធនាគារ​ពីរលើក។

ការចូល​កាន់តំណែង​ប្រធាន​ក្រុមហ៊ុន​ជា​ផ្លូវការ​នេះ ទំនងជា​នឹងមិន​អាចធ្វើឱ្យ​មានការ​ប្ដូរផ្លាស់​ច្រើន​ក្នុង​រយៈពេល​ខ្លី​ឡើយ ព្រោះថា ជាក់ស្ដែង លោក Jay Y. Lee បាន​ដឹកនាំ​ក្រុមហ៊ុន​នេះ​ក្នុង​មួយរយៈ​ពេលកន្លងមក​ហើយ។ ក៏​ប៉​ន្តែ មុខតំណែង​ផ្លូវការ​នេះ​អាចជួយ​ឱ្យ​លោក​កំណត់​ទិសដៅ​សម្រាប់ Samsung ឆ្ពោះ​ចូលទៅ​ជ្រៅ​ក្នុង​វិស័យ​ផលិត​បន្ទះ​ឈី​ប​អេឡិចត្រូនិក (semiconductor) និង​បច្ចេកវិទ្យា​ជីវសាស្ត្រ។

លោក Jay Y. Lee ធ្លាប់​បាន​ជាប់ពន្ធនាគារ​ពីរលើក

លោក Jay Y. Lee នឹងត្រូវ​នាំ Samsung ឆ្លងកាត់​ដំណាក់កាល​ច្របូកច្របល់​បំផុត រាប់​ចាប់តាំងពី​ជីតា Lee Byung-Chull របស់លោក បាន​បង្កើត​ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំ 1938។ បណ្ដា​ប្រទេសធំៗដូចជា សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ជាដើម កំពុង​ជំរុញ​ឱ្យ Samsung បង្កើន​ការវិនិយោគ​ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​អេឡិចត្រូនិក សម្រាប់​ពួកគេ ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​ដែល វ៉ា​ស៊ី​ង​តោន អនុវត្ត​យុទ្ធនាការ​ដើម្បី​កៀប​មហិច្ឆតា​ក្នុង​ការផលិត​បន្ទះ​ឈី​ប​អេឡិចត្រូនិក របស់ ប្រទេស​ចិន។

យោងតាម​ទិន្នន័យ​របស់ Bloomberg លោក Lee កាន់កាប់​ភាគហ៊ុន 1.63% នៅក្នុង​ក្រុមហ៊ុន Samsung Electronics និង 18.13% នៅក្នុង​ក្រុមហ៊ុន Samsung C&T។ បច្ចុប្បន្ន ប្រធាន​ថ្មី​របស់ Samsung រូបនេះ មានទ្រព្យ​ប្រហែល 5.9 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement