ក្រុមហ៊ុន​របស់ វៀតណាម បើក​លក់​យានជំនិះ​ហោះប្រើ​អគ្គិសនី ៖ តម្លៃ​ចាប់ពី 2 ពាន់​លាន​ដុង

យានជំនិះហោះរបស់ Airlios

យានជំនិះ​​ហោះ​របស់ Airlios មាន 4 ជម្រើស និង​មាន​តម្លៃ​ចាប់ពី 2 ពាន់​លាន​ដុង ដែល​ប្រហែល​នឹង 8 ម៉ឺន​ដុល្លារ​អាម៉េរិក។

កាលពី​ថ្ងៃទី 26 តុលា Airlios បាន​តាំង​បង្ហាញ​ម៉ូតូ​ហោះ​ឯកជន​ដំបូង​គេ​នៅ​តំបន់ អាស៊ីអាគ្នេយ៍ នៅក្នុង​ពិព័រណ៍ Vietnam Motor Show 2022។ Airlios គឺជា startup មួយ​របស់ វៀតណាម ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Airlios ដាក់លក់​យាន​ជំនិះ​​ហោះ​របស់ខ្លួន​ដែល​រួមមាន 4 ជម្រើស​គឺ Air One, Pegasus, Minotaur និង Custom និង​មានតម្លៃ​ជា​បន្តបន្ទាប់​គឺ 2 ពាន់​លាន​ដុង, 2.2 ពាន់​លាន​ដុង, 2.46 ពាន់​លាន​ដុង និង 2.46 ពាន់​លាន​ដុង។ ទាំងអស់​សុទ្ធតែ​ត្រូវបាន​ផលិត​នៅ វៀតណាម។

យានជំនិះ​ហោះ​ដែល​ដាក់តាំង​បង្ហាញ​នេះ​គឺជា​ម៉ូ​ដែល​របស់ Pegasus ដែល​បាន​ហោះហើរ​សាកល្បង​ជាង 100 ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ 1,000 គីឡូម៉ែត្រ។

យោងតាម​ក្រុមហ៊ុន Airlios ផលិតផល​នេះ​នឹងត្រូវ​បានដាក់​លក់​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2027 ក្រោមរូបភាព​លក់ដាច់ ឬ​ផ្ដល់​ជា​សេវាកម្ម​ដឹកជញ្ជូន។

យានជំនិះ​ហោះ Pegasus របស់ Airlios មាន​បណ្ដោយ 1.9 ម៉ែត្រ កម្ពស់ 1.15 ម៉ែត្រ និង​ស្លាប​ប្រវែង 2 ម៉ែត្រ។ ទម្ងន់​របស់​វា​គឺ 220 គីឡូក្រាម ចំណែក​ទម្ងន់​អតិបរមា​សម្រាប់​ការហោះហើរ​គឺ 320 គីឡូក្រាម មានន័យថា វា​អាច​ផ្ទុក​ទម្ងន់​បាន 100 គីឡូក្រាម។

Pegasus មាន​កៅអី​តែមួយគត់ ប៉ុន្តែ​វា​អាច​ត្រូវបាន​បញ្ជា​តាម​ពីរ​របៀប​គឺ បញ្ជា​ដោយផ្ទាល់ និង​ដាក់ឱ្យ​ដំណើរការ​ស្វ័យប្រវត្ត។ យានជំនិះ​នេះ​អាច​ហោះ​បាន​ចម្ងាយ 33 គីឡូម៉ែត្រ ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង ហោះ​បាន​រយៈពេល 20 នាទី និង​កម្ពស់ 120 ម៉ែត្រ។

យានជំនិះ​ហោះ​របស់​ក្រុមហ៊ុន​វៀតណាម Airlios ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ lithium-ion និង​ប្រភព​អគ្គិសនី​បម្រុង​មួយ​ផ្សេងទៀត៕

Advertisement