រោង​ចក្រ​ផលិត​ iPhone ចង់​ផលិត​រថយន្ត​អគ្គិសនី​​តម្លៃ​ទាប និង​ក្ដោប​ក្ដាប់​ទីផ្សារ​​ផលិត​យាន​យន្ត​អគ្គិសនី​ ៥% នៅ​ឆ្នាំ ២០២៥​

លោក Liu Young-way ប្រធានក្រុមហ៊ុន Foxconn ស្ថិតនៅលើវេទិកាជាមួយនឹងរថយន្តអគ្គិសនី Model C ក្នុងទិវា Tech Day នៅ តៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី ១៨ តុលា ២០២២

ជោគ​ជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​នាម​ជា​អ្នក​ផលិត​ទូរស័ព្ទ​ ថេប្លេត និង​លេបថបលំដាប់​កំពូល​ពិភពលោក​ Foxconn ដែល​ជា​អ្នក​ផលិត​ iPhone កំពុង​តែ​មាន​មហិច្ឆតា​ខ្ពស់​នៅ​ពេល​និយាយ​ដល់​ឱកាស​ «រយឆ្នាំ​មាន​ម្ដង» ក្នុង​ការ​​ផលិត​រថយន្ត​អគ្គិសនី​។

ក្រោយ​ពី​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​ជិត​ពាក់​កណ្ដាល​ក្នុង​វិស័យ​អេឡិចត្រូនិច (ទូរស័ព្ទ​ ថេប្លេត និង​លេបថប)  Foxconn មាន​បំណង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ចំពោះ​រថយន្ត​អគ្គិសនី​ ដោយ​ការ​ចាប់​ផ្ដើម​ពី​ទ្រង់​ទ្រាយ​តូច​ ដែល​កាន់​កាប់​ ៥% នៃ​ចំណែក​ទី​ផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ​ ២០២៥​។

ប្រធាន​ក្រុម​ហ៊ុន​ Foxconn បាន​ឱ្យ​ដឹង​ថា «ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​យើង​ខ្ញុំ​អាច​ផលិត​រថយន្ត​អគ្គិសនី​ Tesla សម្រាប់​ Tesla»។ ប្រធាន​ក្រុម​ហ៊ុន​ Foxconn បាន​ថ្លែង​អំពី​ម៉ូដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន​នេះ​ នៅ​ក្នុង​ព្រឹត្តិការណ៍ «ទិវា​បច្ចេកវិទ្យា​ ២០២២» ដែល​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​​ថ្ងៃទី ១៨ តុលានៅ តៃវ៉ាន់​​។ លោក​បន្ថែម​ថា «ក្ដី​សង្ឃឹម​ដ៏​ស្មោះ​ត្រង់​របស់​យើង​ខ្ញុំ​ នោះ​គឺ​ថា តៃវ៉ាន់ អាច​ក្ដាប់​បាន​ឱកាស​ធ្វើ​ជំនួញ​ជាមួយ​នឹង​រថយន្ត​អគ្គិសនី​ដ៏​កម្រ រយ​ឆ្នាំ​មាន​ម្ដង​នេះ» ដូច​ទៅ​នឹង​អ្នក​ផលិត​តាម​កិច្ច​សន្យា​ ជំនួស​ឱ្យ​ការ​អភិវឌ្ឍ​យីហោ​ផ្ទាល់​ខ្លួន​។

បច្ចុប្បន្ន Foxconn គឺជា​ដៃគូ​សំខាន់​ក្នុង​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​នៃ​ថ្នាល EV MIH (Mobility in Harmoney) និង​បណ្ដាម៉ូដែល​រថយន្ត​ មាន​ដូច​ជា Luxgen N7 ជាដើម ដែល​ទទួល​បាន​ការ​បញ្ជាទិញ​ជា​មុន​រាប់​ពាន់​គ្រឿង​នៅមុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​។

រថយន្ត​អគ្គិសនី Luxgen N7

Foxconn បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ការ​សហការ​ជា​មួយ Fisker ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ទីពីរ PEAR នៅ​ក្នុង​រដ្ឋ Ohio។ នៅ​ឆ្នាំ​ ២០២៤ Fisker PEAR អាច​ក្លាយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដំបូង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Foxconn និង​មាន​តម្លៃ​ក្រោម​ ៣០,០០០ ដុល្លារ​អាម៉េរិក​។

Foxconn កំពុង​តែ​ចង់​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាង និង​បាន​​លឿន​ជាង​ ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ធម្មតា​ដទៃ​៕

Advertisement