ប្រេងឆៅ​​ឡើង​ថ្លៃ​ក្នុង​ថ្ងៃទី ១៨ តុលា នៅទ្វីប​អាស៊ី ដោយ​សារ​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​

ក្នុង​ការ​ជួញដូរ​នៅ​ថ្ងៃទី ១៨ តុលា នៅ ទ្វីប​អាស៊ី តម្លៃ​ប្រេងឆៅ​​ Brent កើន​ ៨២ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង​ ៩២ ដុល្លារ​/ធុង ចំណែក​ប្រេង​ឆៅ WTI កើន ៨៦ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង ៨៦ ដុល្លារ​/ធុង​។

ការ​ឡើង​ថ្លៃ​របស់​ប្រេង​ឆៅ​នៅ អាស៊ី គឺ​ដោយ​សារ​ប្រាក់​ដុល្លារ​អាម៉េរិក​ថម​ថយ​កម្លាំង បូក​រួម​នឹង​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​ បើ​ទោះ​ជា​​ល្បឿន​នៃ​ការ​ឡើង​ថ្លៃ​ត្រូវ​បាន​បង្អាក់​ដោយ​ការ​ព្យាករ​ដែល​ថា តម្រូវការ​ឥន្ធនៈ​នៅ​ ប្រទេស​ចិន​ ថយ​ចុះ ព្រោះតែ​គោល​នយោបាយ​ «គ្មាន​កូវីដ» ត្រូវ​បាន​អនុវត្ត​បន្ត​។

តម្លៃ​ប្រេង​ Brent ប្រគល់​មាន​កាល​កំណត់​ កើន​ ៨២ សេន​អាម៉េរិក ឬ​ ០.៩% ដោយ​ឡើង​ដល់​ ៩២.៤៤ ដុល្លារ​/ធុងនៅ​ម៉ោង​ ១៣ និង​ ៤៣ នាទី​ (ម៉ោង​នៅ កម្ពុជា) ខណៈ​ដែល​​ប្រេង​ឆៅ WTI របស់ អាម៉េរិក កើន ៨៦ សេន​អាម៉េរិក ឬ ១% ដោយ​ឡើង​ដល់ ៨៦.៣២ ដុល្លារ​/ធុង​។

សន្ទស្សន៍​ USD ដែល​វាស់​ស្ទង់​តម្លៃ​របស់​ប្រាក់ដុល្លារ​អាម៉េរិក ជាមួយ​នឹង​រូបិយប័ណ្ណ​ដទៃ​ទៀត​ ថយចុះ​ទាប​បំផុត​រាប់​ចាប់​ពី​ថ្ងៃទី ០៦ តុលា​។ ប្រាក់​ដុល្លារ​អាម៉េរិក​ខ្សោយ​ជាង នឹង​ធ្វើ​ឱ្យ​ប្រេង​ថោក​ជាង​​​សម្រាប់​អ្នក​​ទិញ​ដែល​ទូទាត់​ដោយ​ប្រាក់ដទៃ​ដែល​​ផ្សេង​ពី​ដុល្លារ​អាម៉េរិក​។

យោង​តាម​អ្នកវិភាគ​របស់ ANZ Research ក្រោយ​ពី​ OPEC+ (ប្រទេស​ផលិត​ប្រេង និង​ដៃគូ) កាល​ពី​ដើម​ខែ​នេះ​ប្រកាស​កាត់​បន្ថយ​បរិមាណ​ប្រេង​ ក្រុម​អ្នក​វិនិយោគ​បាន​បង្កើន​ការ​ទិញ​ដោយ​យល់​ថា តម្លៃ​នឹង​ឡើង​ក្នុង​ពេល​អនាគត​។

ក្នុង​គ្រា​នេះ​ដែរ លទ្ធភាព​ដែល​ ចិន បន្ត​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ក៏​បាន​គាំទ្រ​ដល់​តម្លៃ​ប្រេង​។

អំពី​ប្រភព​ផ្គត់​ផ្គង់ Reuters បាន​ឱ្យ​ដឹង​ថា ឃ្លាំង​ប្រេង​ឆៅ​របស់ អាម៉េរិក កើន​ក្នុង​សប្ដាហ៍​ទីពីរ​បន្តបន្ទាប់​ ក្នុង​កម្រិត​ ១.៦ លាន​ធុង​នៅ​ក្នុង​សប្ដាហ៍​ដែល​បញ្ចប់​កាល​ពី​ថ្ងៃទី ១៤ តុលា​៕

Advertisement