ប្រទេស​ចិន​ និង​ ​សហរដ្ឋ​​អាម៉េរិក​ គឺ​ជា​​ដៃ​គូ​ពាណិជ្ជ​កម្ម​​សំខាន់​​ជាង​​គេ​​របស់ ​អាស៊ាន

ប្រទេស​ចិន ឈរ​លំដាប់​លេខ​ ១ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ស្ដីពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​​របស់​​ សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន) នៃ​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​លេខ ០៣ វ៉ុល​ទី ០២ ខែ​កញ្ញា ឆ្នាំ​ ២០២២ ចេញ​ផ្សាយ​ដោយ​ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី ៣០ កញ្ញា ២០២២។

​នៅក្នុង​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​នេះ ក្រសួង​បាន​ឱ្យ​ដឹង​ថា អាស៊ាន គឺជា​ខឿន​សេដ្ឋកិច្ច​ធំ​ទី ៥ ក្នុង​ពិភពលោក​​ក្នុង​ឆ្នាំ​ ២០២១​ ហើយ​ ប្រទេស​ចិន​ គឺជា​ដៃគូពាណិជ្ជកម្ម​សំខាន់​ជាង​គេ​របស់ អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្មទ្វេភាគី​​ឡើង​ដល់​ ៧៣២.៩៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ស្មើ​នឹង​ ២១.៣៨% ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ អាស៊ាន និង​ពិភពលោក​។

ឈរ​លំដាប់​ទី ២ គឺ​ សហរដ្ឋ​អាម៉េរិក ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ អាស៊ាន​ ឡើង​ដល់​ ៣៧៣.៧៨ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ១០.៩០%។ សហភាព​អឺរ៉ុប ឈរ​លំដាប់​ទី ៣ (២៨២.០១ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង ៨.២៣%), ជប៉ុន (២៣៨.៩០ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ៦.៩៧%), កូរ៉េខាងត្បូង (១៩១.២៥ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ៥.៥៨%)។ ទំហំ​ពាណិជ្ជកម្ម​រវាង​ អាស៊ាន និង​បណ្ដា​ប្រទេស​ក្រៅ​ពី​ប្រទេស​ទាំង​ឡាយ​ខាង​លើ​គឺ​មាន​ប្រមាណ​ជិត ៤៧% ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​​រវាង​ អាស៊ាន និង​ពិភពលោក​។

ក្រៅពី​នេះ ព្រឹត្តិបត្រ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន អាស៊ាន​ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​ ០៦ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​រាល់ ជាមួយ​នឹង​បណ្ដា​ប្រទេស​ និង​ដែន​ដី​មួយចំនួន​ រួម​មាន អាស៊ាន-ចិន, អាស៊ាន-ឥណ្ឌា​, អាស៊ាន-សាធារណរដ្ឋកូរ៉េ, អាស៊ាន​-ជប៉ុន​, អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់​, អាស៊ាន-ហុងកុង រួម​នឹង​កិច្ច​ព្រម​ព្រៀង​មួយចំនួន​ផ្សេង​ទៀត​ដែល​កំពុងស្ថិត​ក្នុងការ​ចរចា​ ក៏ដូចជាកិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយបណ្ដា​ប្រទេស​ផងដែរ​។

Advertisement