ប្រទេស​រុស្ស៊ី រៀប​គម្រោង​បញ្ចេញ «រូបិយប័ណ្ណ​រូ​ប្ល​ឌីជីថល» នៅ​ដើម​ឆ្នាំក្រោយ

ធនាគារ​ជាតិ​រុស្ស៊ី

ធនាគារជាតិ​រុស្ស៊ី បានធ្វើការ​សាកល្បង​ប្រាក់​រូ​ប្ល​ឌីជីថល​ជាមួយនឹង​ធនាគារ​មួយចំនួន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវ​រង​ទណ្ឌកម្ម​ទាក់ទិន​នឹង​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី លោក Anatoly Aksakov កាលពី​ថ្ងៃទី ២៦ កញ្ញា បានឱ្យដឹងថា រុស្ស៊ី មាន​គម្រោង​បង្ហាញ​ប្រាក់​រូ​ប្ល​ឌីជីថល​នៅ​ដើមឆ្នាំ ២០២៣ និង​ប្រើប្រាស់​ក្នុងការ​ទូទាត់​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន។

រុស្ស៊ី បាន​អភិវឌ្ឍ​ប្រាក់​ឌីជីថល​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ បង្កើនល្បឿន​នៃ​ការទូទាត់ និង​ទប់​ទល់នឹង​ការគំរាមកំហែង​ពី​ប្រាក់​ឌីជីថល​គ្រីប​តូ ដូចជា bitcoin ជាដើម។

ធនាគារជាតិ​រុស្ស៊ី បានធ្វើការ​សាកល្បង​ប្រាក់​រូ​ប្ល​ឌីជីថល​ជាមួយនឹង​ធនាគារ​មួយចំនួន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវ​រង​ទណ្ឌកម្ម​ទាក់ទិន​នឹង​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ ដំណោះស្រាយ​សម្រាប់​បញ្ហា​ខាងលើ​របស់ រុស្ស៊ី គឺ​ការប្រើប្រាស់​ប្រាក់​រូ​ប្ល​ឌីជីថល ព្រោះថា លំហូរ​ហិរញ្ញវត្ថុ​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​បណ្ដា​ប្រទេស​ដែល រុស្ស៊ី ចាត់ទុកថា «មិន​ស្និទ្ធស្នាល»។

យោងតាម ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី ក្រោយពី​បាន​ដំណើរការ ប្រាក់​រូ​ប្ល​ឌីជីថល​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ទូទាត់​ទ្វេភាគី​ជាមួយ ប្រទេស​ចិន ដែល​បច្ចុប្បន្ន​ប្រទេស​នេះ​ក៏​កំពុងដំណើរការ​សាកល្បង​ប្រាក់​យុន​ឌីជីថល​ផងដែរ។

ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​របស់ រុស្ស៊ី អះអាងថា បច្ចេកវិទ្យា​ទូទាត់​បែប​ទំនើប​គឺមាន​សារសំខាន់​ខ្លាំងណាស់ ព្រោះថា បណ្ដា​ប្រទេស​អាច​ទូទាត់​ប្រាក់​ដោយផ្ទាល់​ជាមួយគ្នា ដោយ​មិន​ឆ្លងកាត់​បណ្ដាញ​ទូទាត់​ដែល​គ្រប់គ្រង​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច មានដូចជា​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ SWIFT ជាដើម៕

Advertisement