ឃុយ ម៉ីហៀង ពីកុមារីរើសអេតចាយ តាមក្ដីស្រមៃក្លាយជាតារា

នៅថ្ងៃព្រហស្បតិ៍ ទី5 ខែតុលា ឆ្នាំ2017នេះ ប្រភពដែលគេហទំព័រ ឡារ៉ែន ទទួលបានថ្មីនេះៗ ឱ្យដឹងថា កុមារី ឃុយ ម៉ីហៀង ដែលជាបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia មានវ័យ 12 ឆ្នាំ គឺមានអតីតភាពជាកុមារីរើសអេតចាយ ហើយព្យាយាមសន្សំថវិកាបន្ដិចបន្ដួចដើម្បីផ្គត់ផ្គង់ការសិក្សា និងធ្វើដំណើរមកតាមរកក្ដីស្រមៃរបស់ខ្លួនតាមរយៈកម្មវិធីខាងលើនេះដោយខ្លួននាងផ្ទាល់តែម្ដង។

ប្រភពដែលឡារ៉ែនទទួលបាននោះគឺ នាងតូចខាងលើ ហើយនិងម្ដាយជាស្ត្រីចំណាស់ម្នាក់ដែលប្រកបរបរដើររើសអេតចាយ និងលក់ចេកចៀន ហើយក្រោយមកទើបមានឱកាសទទួលបានមុខរបរថ្មី គឺយកខោអាវពីភ្នំពេញ ទៅលក់នៅខេត្តកំពង់ស្ពឺ។ តែយ៉ាងណាក៏ដោយ ស្ថានភាពគ្រួសារមិនអាចត្រូវបានស្ដារឱ្យធូរស្រាលឡើងភ្លាមៗនៅឡើយ ទើបត្រូវប្រឈមមុខនឹងភាពក្រលំបាកតោកយ៉ាកមួយនេះតទៅទៀត។

ដោយកត់់សម្គាល់ឃើញថា សំឡេងរបស់ខ្លួនមានភាពក្រអួនក្រអៅ ពីរោះរន្តំចិន្តា និងបកស្រាយបទចម្រៀងបានច្រើនទម្រង់ផងនោះ នាងតូច ឃុយ ម៉ីហៀង ក៏សម្រេចចិត្តធ្វើដំណើរមកតាមរកក្ដីស្រមៃរបស់ខ្លួន ដើម្បីក្លាយជាតារាចម្រៀងតាមរយៈកម្មវិធីប្រឡងខាងលើ ដោយមានបំណងប្រាថ្នាចង់ធ្វើឱ្យជីវភាពគ្រួសាររបស់នាងមានភាពល្អប្រសើរឡើង មិនក្រលំបាកដូចសព្វថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កុមារី ឃុយ ម៉ីហៀង បានបន្ដដំណើរប្រកួតមកដល់វគ្គ Live Show សបា្ដហ៍ទី2 ហើយ ព្រមទាំងបានជាប់បន្ដទៅវគ្គ Live Show សបា្ដហ៍ទី3 ជាបន្ដទៀតផងដែរ ក្រោមការបង្វឹករបស់ Coach សុគន្ធ នីសា៕

 

Advertisement