ក្រុមហ៊ុន PT. Swap Energi Indonesia សហការ​ជាមួយ BP AKR Fuels Retail អភិវឌ្ឍ​បណ្ដាញ​គាំទ្រ​ម៉ូតូ​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី ដើម្បី​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន»

(ឥណ្ឌូណេស៊ី)- PT. Swap Energi Indonesia បាន​សហការ​ជាមួយ BP AKR Fuels Retail ក្នុងការ​ផ្គត់ផ្គង់​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី (SWAPPoin) សម្រាប់​ម៉ូតូ​អគ្គិសនី​នៅតាម​បណ្ដា​ស្ថានីយ​សេវាកម្ម​របស់ BP។

ចាប់ផ្ដើម​ពី BP Metland Cybercity Creenlake អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​អាច​ទទួលយក​សេវាកម្ម​ប្ដូរ​ថ្ម​អគ្គិសនី​បាន​យ៉ាង​ងាយស្រួល។ កិច្ចសហការ​រវាង PT. Swap Energi Indonesia និង BP AKR Fuels Retail ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​ដំណោះស្រាយ​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បណ្ដាញ​យានយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី។

លោក Irwan Tjahaja ស្ថាបនិក​របស់ PT SWAP Energi Indonesia បានឱ្យដឹងថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នឹងត្រូវ​ចំណាយពេល​តែ ៩ វិនាទី​ប៉ុណ្ណោះ នៅក្នុង​ការប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី នៅតាម​ស្ថានីយ​របស់ BP AKR។

បច្ចុប្បន្ន SWAP Energi Indonesia កំពុង​សហការ​ជាមួយ SMOOT Motor Indonesia ក្នុងការ​អភិវឌ្ឍ​ម៉ូតូ​អគ្គិសនី​ឆ្លាត​វៃ ដែលមាន​បំពាក់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី និង​កម្មវិធី​ទូរស័ព្ទ​របស់ SWAP ក្នុងនោះ អ្នកប្រើប្រាស់​អាច​មើលឃើញ​ស្ថានីយ​ប្ដូរ​ថ្ម​ទាំងឡាយ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ។

ប្រការ​ដែល​អស្ចារ្យ​នោះ​គឺថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី SMOOT អាច​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី​ដោយ​មិនត្រូវ​បង់ថ្លៃ​នៅតាម​ស្ថានីយ​របស់ SWAP និង​មិនបាច់​ព្រួយបារម្ភ​អំពី​ស្ថានភាព​ថ្ម ព្រោះ​ត្រូវបាន​ធានា​ជា​រៀងរហូត៕

Advertisement