ស៊ី​រី នឹង​បង្កើត​ភាព​រីករាយ ពេល​ប៉ះ អូស្ត្រាលី ក្នុង World Cup វគ្គ Playoff  

ស្រប​ពេលដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នឹង​ធ្វើជា​តំណាង​ឲ្យ​ទ្វីបអាស៊ី នៅ​រុស្ស៊ី​នា​ឆ្នាំ​ក្រោយនេះ  ក្រុម​ជម្រើសជាតិ​ស៊ី​រី និង​អូស្ត្រាលី នឹងត្រូវ​ប្រជែង​គ្នា​ដើម្បី​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ទាំង4 តាមរយៈ​វគ្គ Playoff។

ក្រុម​ជម្រើសជាតិ​ស៊ី​រី បាន​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup តាមរយៈ​ការរក​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​លើកចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេ ដើម្បី​ឈានទៅ​ជួប​ជាមួយនឹង​អូស្ត្រាលី ក្នុងការ​ប្រកួត​វគ្គ Playoff ចំនួន2ជើង​នា​ថ្ងៃទី5 និង​ទី10 ខែតុលា ឆ្នាំ2017នេះ។

ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ដែល​ដាច់ដោច​ដោយ​សង្គ្រាម​មួយ​នេះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ ទាំង​ការជឿជាក់ ក្រោយពី​ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត 5លើកចុងក្រោយ​របស់​ពួកគេ ដោយ​ការ​ឈ្នះ2លើក និង​ស្មើ3លើក ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ពេល​ជួប​ជាមួយនឹង​ក្រុម​ខ្លាំង​អ៊ីរ៉ង់ ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេ កាលពី​ខែ​មុន​ផងដែរ។

អូស្ត្រាលី ក៏​នឹង​សម្លឹង​រក​ការ​បង្ហាញខ្លួន​ក្នុង​ជុំ​ចុងក្រោយ​ជា​លើក​ទី4ជាប់ៗគ្នា​របស់​ពួកគេ​ផងដែរ ខណៈដែល​ស៊ី​រី ដែល​មិន​ធ្លាប់បាន​ឈានទៅ World Cup ពីមុនមក​សោះ បាន​រក្សា​ក្តីសង្ឃឹម​របស់ខ្លួន បើទោះបី​សង្គ្រាមស៊ីវិល បាន​បង្ខំ​ឲ្យ​ពួកគេ​លេង​រាល់​ការប្រកួត​ក្នុងផ្ទះ​របស់​ពួកគេ​នៅក្រៅ​ប្រទេស​ក៏ដោយ។

ក្រុម​ជម្រើសជាតិ​ស៊ី​រី ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​អូស្ត្រាលី នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ប្រកួត​ជើង​ទី1 នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ស៊ីដនី ក្នុងការ​ប្រកួត​ជើង​ទី2។ ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​នេះ នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ឈរ​លេខ4មកពី​តំបន់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ខាងជើង កណ្តាល និង​តំបន់​កា​រ៉ា​អ៊ី​ប ដើម្បី​ប្រជែង​យក​កៅអី​មួយ​ទៅកាន់​រុស្ស៊ី។ ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង7:30យប់៕

Advertisement