ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥

លោក Nikorndej Balankura ឯកអគ្គរាជទូតប្រទេសថៃ ប្រចាំ ប្រទេសវៀតណាម

លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម នៅក្នុង​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​សប្ដាហ៍​ថៃ ឆ្នាំ ២០២២ នៅ ទីក្រុង​ព្រៃនគរ (ក្រុង​ហូជីមិញ) នាពេលថ្មីៗនេះ បាន​អះអាងថា ក្នុង​ឆ្នាំ ២០២៥ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ទំនាក់ទំនង​ពិសេស​រវាង ប្រទេស​ថៃ និង វៀតណាម បាន​ឈានដល់​ដំណាក់កាល​ចាស់ទុំ និង​ត្រូវបាន​លើកកម្ពស់​ទៅជា «ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ជំរុញ​បន្ថែម» ចាប់តាំងពី​ឆ្នាំ ២០១៩។

កាលពី​ឆ្នាំ ២០២១ ប្រទេស​ថៃ បាន​បង្កើត​សមាគម​សហគ្រាស​ថៃ នៅ ប្រទេស​វៀតណាម ឬ​ហៅថា ThaiCham ក្នុង​បំណង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម ឱ្យដឹងថា ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម ក្នុង​ឆ្នាំ ២០២១ សម្រេចបាន ១៨.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ១៧.៩% ធៀប​នឹង​ឆ្នាំ ២០២០។ ប្រ​ទស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់ វៀតណាម នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ និង​ជា​អ្នកវិនិយោគ​បរទេស​ធំ​លំដាប់​ទី ៨ របស់ វៀតណាម។

ទន្ទឹមនឹង​ប្រការ​ខាងលើ ប្រទេស​ថៃ និង វៀតណាម កំពុងតែ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខ នេះ​បើតាម​ការអះអាង​របស់​លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម។

ពិធីសម្ពោធព្រឹត្តិការណ៍សប្ដាហ៍ថៃ ឆ្នាំ ២០២២ នៅ ទីក្រុងព្រៃនគរ (ក្រុងហូជីមិញ) នាពេលថ្មីៗនេះ
ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​​របស់ ថៃ នៅ វៀតណាម កាលពី​ពេល​ថ្មីៗនេះ
Advertisement