ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ ប្រវែង​ជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន​ជាង ៧៦% និង​គ្រោង​បញ្ចប់​នៅ​ដើមខែ​កញ្ញា

មួយ​ផ្នែក​នៃ​គម្រោង​ផ្លូវ​ក្រវាត់ក្រុងភ្នំពេញ ​ខ្សែ​ទី ៣ (រូបភាព​របស់ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន)

គិត​ត្រឹម​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ (ផ្លូវជាតិ​លេខ ៤ – ផ្លូវជាតិ​លេខ ១) ដែលមាន​ប្រវែង​សរុប​ជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% និង​គ្រោង​បញ្ចប់​នៅ​ដើមខែ​កញ្ញា​ខាងមុខ។

ក្នុងចំណោម​សមិទ្ធផល​ថ្មី​ដែល​សម្រេចបាន​ខាងលើ ការងារ​ផ្លូវ​សម្រេចបាន ៧២,៤៦%,  ការងារ​ស្ពាន​រំលង (Flyover) សម្រេចបាន ៦៩,៩០% និង​ការងារ​ស្ពាន​សម្រេចបាន ៩៥,៩៨%។ នេះ​បើតាម របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អង្គភាព​អនុវត្ត​គម្រោង (PIU) សម្រាប់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី។

ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​នេះ​ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ។

គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ នឹង​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​រវាង រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និង​ផ្លូវជាតិ​លេខ២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (ផ្លូវ​មេ)។

ជាង​នេះ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ ក៏​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ ក៏ដូចជា​បំពេញ​ឱ្យ​ការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ (AH1 និងAH11) និង​ផ្លូវ​របៀងសំខាន់ៗនៃ​មហា​អនុតំបន់​មេគង្គ។

គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមករា ២០១៩ អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧.៦៧ លាន​ដុល្លារ​អាមេរិក និង​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន​ចិន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥.៣៨ លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា៕

Advertisement