ក្រោយ​ត្រូវ​រង​ការចោទប្រកាន់ថា​បានរួម​ដំណេក​ជាមួយ​ភរិយា​របស់​មិត្តភក្ដិ Elon Musk ក៏​ចេញមុខ​បដិសេធ

លោក Sergey Brin, Nicole Shanahan និង​លោក Elon Musk

មហាសេដ្ឋី Elon Musk អះអាង​នៅលើ Twitter ថា លោក​នៅតែ​ជា​មិត្ត​ជាមួយនឹង Sergey Brin ហើយ​ថា ជាង​នេះ​ពួកគេ​ថែមទាំង​ទើបតែ​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយគ្នា​ទៀតផង។

«ពិតជា​ផ្ដេសផ្ដាស់​មែន» លោក Musk ឆ្លើយតប​នឹង​សំណេរ​មួយ​ឃ្លា​នា​ថ្ងៃ​នេះ​ ដែល​ទាក់ទិន​នឹង​ការចោទប្រកាន់​ដែលថា​លោក​មាន «ទំនាក់ទំនង​ស្នេហា​រយៈពេល​ខ្លី» ជាមួយ​ភរិយា​របស់​សហ​ស្ថាបនិក Google លោក Sergey Brin ។ «ខ្ញុំ​ជាមួយនឹង Sergey នៅតែ​ជា​មិត្តភក្ដិ ហើយ​យើង​ទើបតែ​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយគ្នា​កាលពី​យប់​ម្សិលមិញ»។

មុន​នោះ WSJ បាន​ចុះផ្សាយ​ថា នាយក​ប្រតិបត្តិ​របស់ Tesla មាន​ទំនាក់ទំនង​មនោសញ្ចេតនា «ភ្លើងចំបើង​ជាមួយនឹង Nicole Shanahan ដែលជា​ភរិយា​របស់ Brin នៅក្នុង​ពិធីបុណ្យ Art Basel នៅ Miami កាលពីដើម​ខែធ្នូ ២០២១។ ក៏ប៉ុន្តែ លោក Musk បកស្រាយ​ថា «ខ្ញុំ​បាន​ជួប Nicole តែ ២ លើក​ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង ហើយ​ការជួបគ្នា​នោះ​សុទ្ធ​តែមាន​មនុស្ស​ច្រើន​នៅ​ជុំវិញ។ មិនមាន​អ្វី​រ៉ូ​មែន​ទិ​ក​នោះទេ»។

នៅក្នុង​សារ​មួយ​ផ្សេងទៀត លោក Musk បាន​បង្ហើប​ឱ្យដឹងថា ជា​យូរ​មកហើយ​ដែល​លោក​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អ្នកណា។ លោក Musk ក៏បាន​រិះគន់ WSJ ថា រត់តាម​រឿងរ៉ាវ​សហាយស្មន់​ដើម្បី​ទាក់ទាញ​អ្នកអាន ដោយយោង​ទៅតាម «ពាក្យ​ច​ចរាម​អា​រ៉ា​ម​របស់​ភាគី​ទី​បី» បើទោះជា WSJ ត្រូវបាន​គេ​ជឿថា មាន​ស្ដង់ដា​ខ្ពស់​ផ្នែក​សារព័ត៌មាន។

ក្រៅពី​ព័ត៌មាន​ស្ដីពី​លោក Musk មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ Shanahan សារព័ត៌មាន WSJ ក៏​ស្រង់​សម្ដី​អ្នក​ជិតស្និទ្ធ​នឹង​លោក Musk ចុះផ្សាយ​ថា ម្ចាស់ Tesla ថែមទាំង​បាន​លុតជង្គង់​នៅ​ចំពោះមុខ Brin និង​សូម​អភ័យទោស​ចំពោះ​រឿងនេះ​ទៀតផង។ Brin បានដាក់​ពាក្យ​លែងលះ​ជាមួយនឹង Shanahan ដោយ​មូល​ហេតុថា «មាន​ភាពខុសគ្នា​មិនអាច​ផ្សះផ្សា​បាន» នេះ​បើតាម​ឯកសារ​ដែល​បានដាក់​ឡើង​តុលាការ​ខណ្ឌ Santa Clara កាលពី​ខែមករា។

លោក Sergey Brin មិនទាន់មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយ ចំពោះ​ព័ត៌មាន​ទាំងឡាយ​ខាងលើ។

Advertisement