ជប៉ុន និង សហរដ្ឋ​អាម៉េរិក ពិភាក្សាគ្នា​អំពី​យន្ត​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី

គំនិត​ស្ដីពី​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លើកឡើង​ដំបូង​នៅក្នុង​សន្និបាត​កំពូល​នាពេលថ្មីៗនេះ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​លំដាប់​កំពូល​ពិភពលោក (G7) ដើម្បី​ដាក់​សម្ពាធ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់ចុះ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន Shunichi Suzuki និង រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក Janet Yellen នឹងមាន​ជំនួប​ពិភាក្សា​ក្នុង​ថ្ងៃទី ១២ កក្កដា នៅ រាជធានី​តូ​ក្យូ។ កិច្ចពិភាក្សា​នេះ​នឹង​ផ្ដោតទៅលើ​ការកំណត់​តម្លៃ​ពិតាន​របស់​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។

យោងតាម ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ក្រៅពី​បញ្ហា​ខាងលើ រដ្ឋមន្ត្រី​របស់ ជប៉ុន និង សហរដ្ឋ​អាម៉េរិក ក៏​នឹង​ពិភាក្សាគ្នា​អំពី​យន្តការ​នៃ​ការ​ទប់​ទល់នឹង​កំណើន​នៃ​ថ្លៃ​ថាមពល និង​ស្បៀងអាហារ​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុង​កិច្ចប្រជុំ​នា​ចុង​ថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រី Yellen និង​ក្រុម​មេដឹកនាំ​ក្រុមហ៊ុន​ជប៉ុន ក៏​គ្រោង​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​បង្កើន​សមត្ថភាព​ស្ដារ​បណ្ដាញ​ផ្គត់ផ្គង់ និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki (ស្ដាំ) និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក Janet Yellen

គំនិត​ស្ដីពី​ការកំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​សន្និបាត​កំពូល​នាពេលថ្មីៗនេះ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​លំដាប់​កំពូល​ពិភពលោក (G7)។ ក្រុម​ប្រទេស G7 សង្ឃឹមថា វិធានការ​នេះ​អាច​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​ទូទាំង​ពិភពលោក​ធ្លាក់ចុះ។

ក្រុម​ប្រទេស G7 ដែល​រួមមាន ចក្រភព​អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង សហរដ្ឋ​អាម៉េរិក រួម​នឹង សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត បានដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី បន្ទាប់ពី​ប្រទេស​នេះ​ចូល​ឈ្លានពាន «អ្នកជិតខាង»។

ក្រុម​ប្រទេស​ខាងលើ មាន​គម្រោង​ធ្វើការ​ចរចា​ជាមួយ​បណ្ដា​ក្រុមហ៊ុនធំៗដែល​នាំចូល​ប្រេង​ពី រុស្ស៊ី មានដូចជា ក្រុមហ៊ុន​នៅ ឥណ្ឌា ជាដើម នៅ​សប្ដាហ៍ក្រោយៗ ដើម្បី​បង្កើត​យន្តការ​កំណត់​តម្លៃ​ប្រេង​របស់ រុស្ស៊ី ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់៕

Advertisement