អាជីវកម្មថ្មីៗបើក-បិទជារៀងរាល់ថ្ងៃ តើចំណុចពិសេសអ្វីខ្លះ ដែលយុវវ័យជាសហគ្រិនគួរតែមាន?

យុវជន​ភាគច្រើន​នាពេល​បច្ចុប្បន្ន​ចាប់ផ្តើម​ចាប់អារម្មណ៍​ខ្លាំង​លើ​សហគ្រិនភាព តែ​អ្វី​ដែលជា​កត្តា​ប្រឈម​នោះ គឺ​អាជីវកម្ម​ដែលជា​របស់​យុវវ័យ​នាពេលថ្មីៗនេះ​មាន​ការបើក-បិទ​មិនសូវ​ជា​ប្រាកដប្រជា​ឡើយ រហូតដល់​ពេលខ្លះ​អាចធ្វើឱ្យ​ពួកគេ​បាក់ស្បាត ឬ​លែង​ចង់​ធ្វើ​អាជីវកម្ម​ទៀតផង​ក៏មាន។

ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ឃ​ន ឈុន​ដា​រ៉ា ម្ចាស់​ហាង​កាហ្វេ KOI និង Tube Café បាន​លើកឡើងថា យុវវ័យ​មួយចំនួន​មិនសូវមាន​ការតស៊ូ ឬ​មាន​បញ្ហា​បរាជ័យ​ដោយសារតែ​ពួកគេ​មិនសូវ​ស្គាល់​ពី​ភាព​ពិត​ជាក់ស្តែង​នៃ​ការរស់នៅ និង​ការធ្វើ​អាជីវកម្ម។ លោក​ថា សិស្ស និស្សិត នៅក្នុង​សាលា​គឺ​គេ​តែងតែ​ជំរុញ​លើកទឹកចិត្ត និង​ប្រើ​ភាសា​ជំរុញ​ទឹកចិត្ត​ច្រើន ដែល​ធ្វើឱ្យ​គាត់​គិតថា ការធ្វើ​អាជីវកម្ម​មាន​ភាពងាយស្រួល ចំណុច​នេះហើយ​ដែល​អាចធ្វើឱ្យ​ពួកគេ​ងាយ​នឹង​បើក​អាជីវកម្ម ឬ​ធ្វើ​ការរកស៊ី​អ្វីមួយ។

លោក ឃ​ន ឈុន​ដា​រ៉ា បាន​និយាយថា៖ «នៅពេលដែល​សិស្ស​ធ្វើ​ខុស ឬ​មិនទាន់​បានទទួល​ពិន្ទុ​ល្អ យើង​តែងតែ​លើកទឹកចិត្ត​ឱ្យ​គាត់​ខំប្រឹង ឬ​មិន​អី​ទេ ខុស​ហើយ​អាច​ខំ​ឡើងវិញ​បាន តែ​ក្នុង​ជីវិត​ជាក់ស្តែង​វា​មិនមែន​ងាយ​បែប​ហ្នឹង​ទេ។ នៅពេលដែល​យើង​ធ្វើ​ការងារ ឬ​អាជីវកម្ម បើ​យើង​ធ្វើ​ខុស បរាជ័យ ឬ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ យើង​ត្រូវតែ​ប្រឈមមុខ​ដោះស្រាយ​វា​ដោយ​ខ្លួនឯង»។

សហគ្រិន​វ័យក្មេង​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការតស៊ូ​ជា​រឿង​ចាំបាច់​បំផុត ព្រោះ​អាជីវកម្ម​មួយ​អាច​កើតឡើង​ដោយ​រលូន​ទៅបាន លុះត្រាតែ​ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​ឆ្លងកាត់​ដំណាក់កាលលំបាកៗ និង​ឧបសគ្គ​ជាច្រើន ហើយ​មានពេលខ្លះ បញ្ហា​អាច​នឹង​កើតឡើងភ្លាមៗហួស​ពី​ការ​នឹកស្មាន​ទៀតផង។ ផ្ទុយ​ពីនេះ ដោយសារតែ​យុវជន​មានគំនិត​ចង់​ធ្វើ​អ្វីស្រួលៗពេក ឬ​មើលឃើញ​ច្រើនតែ​ពី​ផលចំណេញ ក៏ដូចជា​លទ្ធផល​ល្អភ្លាមៗ ទើប​អាចធ្វើឱ្យ​ពួកគាត់​ងាយ​នឹង​ប្រថុយប្រថាន​ក្នុងការ​បង្កើត​អាជីវកម្ម ដែល​ពេល​ជួប​បញ្ហា​ជាក់ស្តែង ពួកគាត់​ងាយ​នឹង​បោះបង់​វា​ចោល ដែល​ធ្វើឱ្យ​គាត់​ខាតបង់​ច្រើន។

លោក ឈុន​ដា​រ៉ា បញ្ចាក់​ផងដែរ​ថា ការធ្វើការងារ​ក៏​អាចជា​កត្តា​សំខាន់​មួយ​ក្នុងការ​លត់​ដំ​ខ្លួនឯង​ឱ្យមាន​ការតស៊ូ ព្រោះ​ពិភព​ការងារ​ជាក់ស្តែង អាចធ្វើឱ្យ​យើង​រៀនសូត្រ​បាន​ច្រើន ហើយ​មានឱកាស​ហ្វឹកហាត់​ខ្លួនឯង​នៅក្នុង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ចេះ​តស៊ូ រហូត​ទទួលបាន​ជោគជ័យ៕

Advertisement