មហាសេដ្ឋី Warren Buffett សម្រុក​ទិញ​ភាគហ៊ុន​ក្នុង​វិស័យ​ប្រេងឥន្ធនៈ

ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី​អាម៉េរិក Warren Buffett បាន​ទិញ​ភាគហ៊ុន​យ៉ាងច្រើន​នៅក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ នៅពេលដែល​តម្លៃ​ប្រេង​ពិភពលោក​កំពុង​កើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់។

Berkshire Hathaway បាន​ចំណាយ​ប្រាក់​ប្រហែល ៥២៩ លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​ជិត ៩.៦ លាន​ហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង Occidental Petroleum កាលពី​សប្ដាហ៍​កន្លង។ ក្រោយ​ការទិញ​ភាគហ៊ុន​នេះ Berkshire Hathaway បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន ១៦.៣% និង​ក្លាយជា​ភាគ​ហ៊ុ​និក​ធំជាងគេ​បង្អស់​របស់ Occidental Petroleum។

Occidental Petroleum គឺជា​ក្រុមហ៊ុន​ដែលមាន​ភាគហ៊ុន​មាន​វិវត្តន៍​ល្អ​បំផុត​នៅក្នុង​ស​ន្ទ​ស្សន៍ S&P 500 ក្នុងឆ្នាំនេះ ដោយ​កើន ៩២% ព្រោះតែ​តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់​ខ្លាំង។ Berkshire Hathaway ក៏​កំពុង​កាន់កាប់​ភាគហ៊ុន​តម្លៃ ១០ ពាន់​លាន​ដុល្លារ​ជា​ប្រភេទ​អនុគ្រោះ​របស់ Occidental Petroleum ផងដែរ ដោយសារតែ Berkshire Hathaway ធ្លាប់​បានផ្ដល់​ប្រាក់កម្ចី​ដល់ Occidental Petroleum ក្នុងការ​ទិញយក​ក្រុមហ៊ុន Anadarko Petroleum កាលពី​ឆ្នាំ ២០១៩។

នេះ​មិនមែនជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តែមួយគត់​ដែល Berkshire Hathaway ចូលចិត្ត​នោះទេ។ Chevron ក៏​ជា​ក្រុមហ៊ុន​ដែល​មហាសេដ្ឋី Warren Buffett និង​ក្រុម​វិនិយោគ​របស់គាត់​ចូលចិត្ត​ខ្លាំង​ផងដែរ។ Berkshire Hathaway កំពុង​កាន់កាប់​ភាគហ៊ុន​ជិត ២៦ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Chevron។ កាលពី​ចុង​ត្រីមាស​ទី ១ ឆ្នាំ ២០២២ តួលេខ​នេះ​ឈរ​លំដាប់​ទី ៤ ធៀប​នឹង​បណ្ដា​ភាគហ៊ុន​ដែល Berkshire កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន Apple, Bank of America និង American Express។

ប្រេង​ធម្មជាតិ និង​ថាមពល​ក៏​ជា​វិស័យ និង​ជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​មុខ​ជំនួញ​របស់​ក្រុមហ៊ុន Berkshire Hathaway។ Berkshire Hathaway ក៏មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ២ ដែល​កំពុង​រកស៊ី​ក្នុង​វិស័យនេះ នោះ​គឺ PacifiCorp និង MidAmerican។

លោក Warren Buffett បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុម​អ្នកវិនិយោគ​ជាច្រើន​បាន​ផ្ដោតទៅលើ​តែ​បណ្ដា «ភាគហ៊ុន​ល្អមើល តែ​មិន​ល្អស៊ី» ធ្វើឱ្យ​ទីផ្សារ​ពេលខ្លះ​ដូច​ទៅនឹង​បន​ល្បែង។ ដូច្នេះ Berkshire Hathaway សម្រេចចិត្ត​វិនិយោគ​យ៉ាង​ឆាប់រហ័ស​ទៅលើ «ក្រុមហ៊ុន​មួយ​ដែលមាន​វត្តមាន​រាប់​ទសវត្សរ៍»។ ទាំង Occidental Petroleum ទាំង Chevron សុទ្ធ​តែមាន​ប្រវត្តិ «កកើត» និង​រីកចម្រើន​រាប់​ទសវត្សរ៍​មកហើយ៕

Advertisement