ក្រុមហ៊ុន​ប្រេង​ធំជាងគេ​នៅ ហុង​គ្រី កំណត់​បរិមាណ​ប្រេងសាំង​ដែល​អតិថិជនម្នាក់ៗអាច​ទិញ​បាន

ចាប់ពី​ថ្ងៃទី ២៤ មិថុនា ក្នុង ១ ថ្ងៃ អតិថិជន​ម្នាក់ មាន​សិទ្ធិ​ទិញ​ប្រេងសាំង​ត្រឹមតែ ៥០ លីត្រ​ប៉ុណ្ណោះ នៅក្នុង​ស្ថានីយ​ប្រេង​ទាំងឡាយ​របស់​ក្រុមហ៊ុន MOL នៅ ប្រទេស​ហុង​គ្រី ដែល​នេះ​បាន​ថយចុះ​ពាក់កណ្ដាល​ធៀប​នឹង​ការកំណត់​មុន​នោះ។

អ្នកនាំពាក្យ​របស់ MOL អ្នកស្រី Piroska Bakos ឱ្យដឹងថា ការកំណត់​នេះ​គឺ​ក្នុង​បំណង​ធានា​ប្រភព​ផ្គត់ផ្គង់។ ក្រៅពីនេះ អ្នក​ដែល​ទិញ​ដោយ​ចាក់​មួយ​ពេញ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទិញ​ទៅតាម​តម្លៃ​ពិតាន (តម្លៃ​អតិបរមា​ដែល​កំណត់ដោយ​ស្ថាប័នរដ្ឋ) ទៀតឡើយ។

តម្រូវការ​ប្រេងសាំង​បាន​កើន​ពី ៣០ – ៤០% ក្នុង​រដូវក្ដៅ ដោយសារតែ​សកម្មភាព​នៃ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​មានការ​កើនឡើង។ ក៏ប៉ុន្តែ ការដែល​រដ្ឋាភិបាល​កំ​ណ​ត់​តម្លៃ​ពិតាន ១.២៧ ដុល្លារ/លីត្រ ចំពោះ​សាំង RON 95 និង ប្រេងម៉ាស៊ូត ដែល​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​តម្លៃ​ក្នុង​ទីផ្សារ បាន​នាំឱ្យមាន​ហានិភ័យ​ខ្វះ​ប្រភព​ផ្គត់ផ្គង់។

ក្រុមហ៊ុន MOL ដែលមាន​បណ្ដាញ​ស្ថានីយ​ប្រេងសាំង​ធំជាងគេ​បង្អស់​នៅ ហុង​គ្រី បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុបចោល​ទៅតាមជំហានៗលើ​ការកំណត់​តម្លៃ​ពិតាន ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​កន្លង។ ការកំណត់​តម្លៃ​ពិតាន​នៃ​ប្រេងសាំង​គឺជា​ការប្រឹងប្រែង​របស់ រដ្ឋាភិបាល​ហុង​គ្រី ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅ​ចំពោះមុខ​ស្ថានភាព​អតិផរណា​កំពុង​កើនឡើង​ខ្ពស់ ដែល​បច្ចុប្បន្ន​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២ ទសវត្សរ៍​កន្លងមក​នេះ៕

Advertisement