ប្រទេស​ចិន ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​បច្ចេកវិទ្យា​ដែល​អាច​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី

ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ផ្ទាំង​សូ​ឡា​ដែល​ដាក់​នៅលើ​គន្លង​គោចរ​ជុំវិញ​ផែនដី នឹងមាន​ប្រៀប​ជាង​ធៀប​នឹង​ប្រព័ន្ធ​ដែល​ដាក់​នៅលើ​ដី ដោយសារតែ​ប្រព័ន្ធ​នៅ​លើដី​មិនអាច​ដំណើរការបាន​នៅពេល​យប់ ពេល​មាន​ពពក​បាំង ឬ​ពេល​មាន​ភ្លៀង​ធ្លាក់។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg ចុះផ្សាយ​ថា ក្រុម​អ្នកស្រាវជ្រាវ​ចិន ទើបតែ​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​រូបមន្ត​បច្ចេកវិទ្យា​មួយ​ដែល​អនាគត​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បញ្ជូន​ថាមពល​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី​ដោយ​មិនបាច់​មាន​ខ្សែ។

គំរូ​នៃ​ស្ថានីយ​បញ្ជូន និង​ទទួល​ថាមពល​ដែល​ត្រូវបាន​ដាក់​នៅឯ​សាកលវិទ្យាល័យ Xidian ក្នុង​ខេត្ត Shaanxi នេះ បាន​ស្រូបយក​ថាមពលព្រះអាទិត្យ​នៅលើ​ទី​ខ្ពស់ ហើយ​បំប្លែង​វា​ទៅជា​រលក​កាំរស្មី។ ក្រោយមក វា​បញ្ជូន​រលក​កាំរស្មី​នេះ​ឆ្លងកាត់​តាម​បរិយាកាស មកកាន់​ស្ថានីយ​ទទួល ជាទី​ដែល​អាច​បំប្លែង​រលក​កាំរស្មី​ឱ្យ​ត្រលប់​ទៅជា​អគ្គិសនី​វិញ។

ការធ្វើ​តេស្ត​បច្ចេកវិទ្យា​នេះ​សម្រេចបាន​គោលដៅ ៥៥ ម៉ែត្រ។ ក៏ប៉ុន្តែ ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ថ្ងៃ​ណាមួយ​បច្ចេកវិទ្យា​នេះ​អាច​ត្រូវបាន​ពង្រឹងសមត្ថភាព និង​ពង្រីក​ដែន​ប្រតិបត្តិការ​ដើម្បី​អាច​បញ្ជូន និង​ទទួល​ថាមពល​ពី​ផ្ទាំង​សូ​ឡា​នៅលើ​មេឃ។

បច្ចុប្បន្ន ប្រទេស​ចិន មិនមែនជា​ប្រទេស​តែមួយគត់​ដែល​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើនេះ​ទេ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា California សហរដ្ឋ​អាម៉េរិក ក៏បាន​ដំណើរការ​កម្មវិធី​មួយ​ដែលមាន​បំណង​ទាញយក​ថាមពលព្រះអាទិត្យ​ពី​ទី​អវកាស បន្ទាប់ពី​ទទួលបាន​ទុនវិនិយោគ ១០០ លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០១៣។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ឥណ្ឌា, រុស្ស៊ី, អង់គ្លេស និង បារាំង ក៏​កំពុងតែ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ដ៏​មាន​សក្ដានុពល​នេះ​ផងដែរ។ យោងតាម​សាកលវិទ្យាល័យ Xidian បច្ចុប្បន្ន ជប៉ុន គឺជា​ប្រទេស​ដែល​កំពុង​នាំមុខគេ​នៅក្នុង​វិស័យនេះ៕

វិធី​ដំណើរ​ការ​នៃ​ប្រព័ន្ធ​បញ្ជូន​ និង​ទទួល​ថាមពល​ព្រះអាទិត្យ​របស់​ ចិន​
ប្រព័ន្ធ​បញ្ជូន​ និង​ទទួល​ថាមពល​ព្រះអាទិត្យ​របស់​ ចិន​
Advertisement