ក្រុម​ហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ឆ្ពោះ​មកកាន់​តំបន់ អាស៊ីអាគ្នេយ៍

មហា​សេដ្ឋី​អាម៉េរិក លោក Elon Musk

Starlink ដែលជា​សេវាកម្ម​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន SpaceX ជិត​បង្ហាញ​វត្ត​មាននៅ ហ្វ៊ី​លី​ពី​ន មុនពេល​ពង្រីក​ខ្លួន​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ តំបន់​អាស៊ីអាគ្នេយ៍។

«Starlink ទទួលបាន​ការយល់ព្រម​ពី ហ្វ៊ី​លី​ពី​ន» Elon Musk បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ចុងខែ​ឧសភា អម​ជាមួយនឹង​តំណ​ភ្ជាប់​ស្ដីពី​ស្ថាប័ន​គ្រប់គ្រង​ទូរគមនាគមន៍​របស់ ហ្វ៊ី​លី​ពី​ន អនុម័ត​លើ​គម្រោង​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​របស់គាត់។

ធៀប​ទៅនឹង​តំបន់​ដទៃ អាស៊ីអាគ្នេយ៍ ត្រូវបាន​វាយតម្លៃថា​ជា​តំបន់​ក្រីក្រ​មួយ​របស់ ទ្វីបអាស៊ី ហើយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត មិនទាន់​លឿន។ វត្តមាន​របស់ Starlink នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ជាង​បច្ចុប្បន្ន។ ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​របស់លោក Musk ក៏បាន​បង្ហាញ​មហិច្ឆតា​ក្នុង​ការរកស៊ី​នៅទីនេះ ដោយ​អនុវត្ត​គម្រោង​តាមជំហានៗ ក្នុងនោះ ចាប់ផ្ដើម​ដោយ​ទីផ្សារ​របស់ ហ្វ៊ី​លី​ពី​ន ក្នុង​ឆ្នាំ ២០២២ បន្ទាប់មក​គឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, វៀតណាម និង មី​យ៉ាន​ម៉ា នៅ​ឆ្នាំ ២០២៣។

ចំពោះ​តំបន់​ដែល​សម្បូរ​ទៅដោយ​កោះ​ដូច អាស៊ីអាគ្នេយ៍ អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​មានប្រៀប​ជាង​ឆ្ងាយ​ធៀប​នឹង​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រភេទ​ផ្សេង។

បច្ចុប្បន្ន សេវា​អ៊ី​ន​ធើ​ណិ​តរបស់ Elon Musk មាន​ល្បឿន​ពី ១០០ ទៅ ២០០ MB/វិនាទី ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​សេវា​អ៊ី​ន​ធើ​ណី​ត​ធម្មតា​នៅក្នុង​តំបន់។ យោងតាម Speedtest ល្បឿន​ទាញយក​ទិន្នន័យ​ដោយ​ទូរស័ព្ទ​របស់​អ៊ី​ន​ធើ​ណិ​ត​នៅ ឥណ្ឌូណេស៊ី គឺ ១៧.៩៦ MB/វិនាទី និង ហ្វ៊ី​លី​ពី​ន គឺ ១៩.៤៥ MB/វិនាទី។

ទោះជា​យ៉ាងណាក៏ដោយ Starlink នៅតែ​ជួប​ឧបសគ្គ​ច្រើន ពិសេស​គឺ​តម្លៃ។ តម្លៃ​អ៊ី​ន​ធើ​ណិ​តរបស់ Starlink ជាទូទៅ​រួមមាន ៥០០ ដុល្លារ សម្រាប់​ឧបករណ៍ និង ៩៩ ដុល្លារ សម្រាប់​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រចាំខែ ខណៈដែល​កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ធម្មតា​នៅ ហ្វ៊ី​លី​ពី​ន មានតម្លៃ​តែ ៥.៦៧ ដុល្លារ/ខែ។ ដូច្នេះ អ៊ី​ន​ធើ​ណិ​តរបស់ Elon Musk ដំបូង​ប្រហែលជា​ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្ដា​ក្រុមហ៊ុន​ដែល​នៅឆ្ងាយៗ ក៏ដូចជា​រដ្ឋាភិបាល កងទ័ព និង​បណ្ដាញ​ទូរគមនាគមន៍ សម្រាប់​ទុកជា​របស់​បង្ការ​អាសន្ន។

Starlink គឺជា​គម្រោង​ប្រកបដោយ​មហិច្ឆតា​របស់​ក្រុមហ៊ុន SpaceX នៅក្នុង​ការផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ទូទាំង​សកលលោក។ យោងតាម​ស្ថិតិ ពាក់កណ្ដាល​នៃ​ពិភពលោក​បច្ចុប្បន្ន ដែល​ភាគច្រើន​ជា​អ្នកក្រីក្រ និង​អ្នក​នៅ​តំបន់​ដាច់ស្រយាល មិនមាន​អ៊ី​ន​ធើ​ណិ​ត​ប្រើប្រាស់ ឬ​ត្រូវ​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិ​ត​តម្លៃ​ថ្លៃ និង​រអាក់រអួល។

យោងតាម​ការ​គណនារ​បស់​មហាសេដ្ឋី​អាម៉េរិក Elon Musk នៅពេល​ជោគជ័យ គម្រោង Starlink របស់ SpaceX អាច​រកបាន​ប្រាក់ចំណូល ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក ជា​រៀងរាល់ឆ្នាំ៕

Advertisement