UNICEF ថា កុមារ 80% ក្នុង​មណ្ឌល​កុមារកំព្រា មាន​ឪពុកម្តាយ

អង្គការ UNICEF នៅ​កម្ពុជា​បាន​បង្ហាញថា មាន​កុមារ​ប្រមាណ 80% ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​ថែទាំ ឬ​មជ្ឈមណ្ឌល​កុមារកំព្រា សុទ្ធ​តែមាន​ឪពុក ឬ​ម្តាយ​ដែល​នៅមាន​ជីវិត។ ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ស្រប​ពេលដែល​អង្គ​ការដែល​ធ្វើ​ការងារ​សំខាន់​ពាក់ព័ន្ធ​នឹង​កុមារ​មួយ​នេះ​ចង់បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការបរិច្ចាគ​ដោយ​មិន​ចំ​ទិសដៅ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​មួយចំនួន។

 

UNICEF Cambodia ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នក​បរិច្ចាគ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​គួរ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ការដែល​បរិច្ចាគ​ទៅកាន់​មណ្ឌល​កុមារកំព្រា​ដែល​ប្រតិបត្តិការ​ក្នុង​រូបភាព​ជំនួញ វា​ប្រៀបដូចជា​ការចូលរួម​ចំណែក​ក្នុងការ​បំបែក​កុមារ​ចេញពី​គ្រួសារ​របស់គេ​ដោយ​មិនដឹង​ខ្លួន​ដូច្នោះ​ដែរ។ តាម​ការបង្ហាញ​របស់​អង្គការ​ខាងលើ​បាន​បញ្ជាក់ថា កុមារ​ដែល​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​មាន​ស្ថានភាព​ផ្លូវចិត្ត​មិនល្អ​ដូច​កុមារ​ដែល​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​នោះទេ ហេតុនេះ​សូម​រួមគ្នា​ជំរុញ​ឱ្យធ្វើ​យ៉ាងណា​ជួយ​ឱ្យ​កុមារ​បានរស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ​វិញ​ប្រសើ​ជាជាង​ធ្វើការ​ជំរុញ ឬ​បរិ​ច្ចាគឱ្យ​កុមារ​ចេញពី​គ្រួសារ។

ជា​ស្ថានភាព​ជាក់ស្តែង អង្គការ​មនុស្សធម៌​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា កំពុង​ធ្វើ​ជំនួញ ឬ​កេងចំណេញ​លើ​ថវិកា​ដែល​ត្រូវ​ផ្តល់ឱ្យ​កុមារ​ទាំងនោះ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​សកម្មភាព​ទាំងនេះ​ជំរុញឱ្យមាន​ភាព​អសកម្ម​កាន់តែច្រើន​ដល់​កុមារ។

លោក ប៉ត សុផល នាយក​ប្រតិបត្តិ​អង្គការ​បណ្តុះបណ្តាល​មូលដ្ឋាន​ដែលជា​អង្គ​ការជួយ​កុមារ​នៅក្នុង​សហគមន៍​ឃុំ​ជី​រ៉ូ នៃ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ការអប់រំ​កុមារ​នៅក្នុង​មូលដ្ឋាន ដោយ​ការផ្គត់ផ្គង់​ជា​សម្ភារ និង​ការបណ្តុះបណ្តាល​ជំនាញ ឬ​ភាសាបរទេស​ដល់​កុមារ អាច​ជំរុញ​ឱ្យ​ពួកគេ​ទទួលបាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ស្រប​ពេលដែល​ពួកគេ​នៅតែមាន​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ។ កុមារ​ពិតជា​ត្រូវការ​ការយកចិត្តទុកដាក់ ហេតុនេះ​ការជំរុញ​កុមារ​ឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់​អាចជួយ​ដល់​ពួកគេ​ផង និង​សម្រាល​បន្ទុក​របស់​ពួកគេ​នៅ​មូលដ្ឋាន​ជាក់ស្តែង​ផង ដែល​នឹង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ដ៏​មានគុណ​ភាព​នៅ​ថ្ងៃ​អនាគត៕

Advertisement