ពលរដ្ឋ​ចេះ​ប្រើ​អ៊ី​ន​ធើ​ណិ​ត គឺ​ជួយ​ជំរុញ​សេដ្ច​កិច្ច​ជាតិ

យោងតាម​ទិន្នន័យ​មូលដ្ឋាន​ចេញផ្សាយ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ខែមិថុនា ឆ្នាំ2016 ចំនួន​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​បាន​កើនឡើង​ពី 1.7 លាន​នាក់​កាលពី​ឆ្នាំ 2011 ដល់ 7.16 លាន​នាក់​នៅ​ឆ្នាំ 2016 ដោយ​ក្នុងនោះ​មាន​អ្នក​ប្រើ​បែប​ចល័ត​ចំនួន 7,074,483 នាក់ ស្មើនឹង 98.84 % និង​អចល័ត​ចំនួន 82,926 នាក់ ស្មើនឹង 1.16 %។

កំណើន​អ្នកប្រើប្រាស់​នេះ បានរួម​ចំណែក​យ៉ាងសកម្ម​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​ជា​លំដាប់។ នេះ​បើតាម​ប្រសាសន៍​របស់ លោកជំទាវ រស់ សូរ​ក្ខា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា 4G LTE ដែល​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពីពេល​កន្លង​ទៅ។

តាមរយៈ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៅក្នុង​ប្រទេស​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​តម្រូវការ​របស់​សាធារណជន និង​ស្របទៅតាម​និន្នាការ​ថ្នាក់​តំបន់ និង​សកលលោក។ ក្នុងនោះ កំណើន​ពលរដ្ឋ​ចេះ​ប្រើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​កាន់តែច្រើន វា​បាន​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការប្រើប្រាស់​កម្មវិធី និង​សេវាកម្ម​ផ្សេង ដែល​បម្រើ​ដល់​ចរន្ដ​សេដ្ឋកិច្ច ដូចជា​កម្មវិធី​របស់​ធនាគារ កម្មវិធី​ផ្ទេរប្រាក់ Wing, eMoney, Pipay, PayGo ជាដើម។

លោកជំទាវ​បញ្ជាក់ថា៖ «កម្ពុជា ជា​ប្រទេស​មាន​សក្តានុពល​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​វិស័យ ICT ជាមួយនឹង​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​មាន​រហូតដល់​ទៅជា​ង 7 លាន​នាក់។ ទាំងនេះ វា​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​យើង​ឱ្យ​ទៅមុខ​បាន​លឿន»។

ចំនួន​អ្នក​ប្រើ​ទាំងនោះ សរុប​រួម​មកពី​ក្រុមហ៊ុន​ចំនួន 8 ដែល​ផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត រួមមាន Smart Axiata , Viettel,  CamGSM, Sotelco, XinWei, South East Asia Telecom, Cadcomms និង Star Digital MUDS TV។  ក្នុងនោះ មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត 19,484,692 (98,79 % នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប) និង​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​អចល័ត 238,118 (1,21% នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប) ហើយ​មាន​ចំនួន​អ្នកប្រើប្រាស់​សរុប​ធៀប​ទៅនឹង​ចំនួន​ប្រជាជន 133%។

ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហរដ្ឋអាមេរិក (Bilateral Meeting with the U.S.-ASEAN Business Council Delegates)ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានលើកឡើង​ពី​កំណើន​នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នេះ និង​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា ICT នេះ​ទៀតផង៕

Advertisement