និស្សិត​ជាច្រើន​យល់ច្រឡំ​ថា ទាល់តែ​រៀន ICT ទើប​មាន​ការងារ​ធ្វើ

«និស្សិត​ខ្មែរ​ភាគច្រើន​យល់ច្រឡំ​ថា ឱ្យតែ​ចង់​ចេះ​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ​សុទ្ធតែ​ត្រូវ​សិក្សា​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា (ICT)ទាំងអស់» នេះ​ជាការ​លើកឡើង​របស់​ប​ណ្ឌិ​ត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស ដែល​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដ៏​ធំ​ប្រចាំឆ្នាំ​ស្តីពី យុទ្ធសាស្ត្រ​ក្នុងការ​ជ្រើសរើស​មុខជំនាញ​ដែល​ត្រឹមត្រូវ និង​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។

លោក​បណ្ឌិត ឯក មនោ​សែន បានលើកឡើង​ផងដែរ​ថា យុវជន​បច្ចុប្បន្ន​តែងតែ​ឮ​គេ​និយាយថា ការងារ​នាពេល​បច្ចុប្បន្ន​ទាមទារ​ឱ្យ​ចេះ ICT ហើយម្នាក់ៗក៏​សម្រុក​មក​រៀន​ផ្នែក ICT ព្រោះតែ​មានការ​យល់ច្រឡំ។ តាមពិតទៅ​ការងារ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ចំណេះដឹង​កុំព្យូទ័រ តែ​មិនមែន​ត្រូវ​ការជំនាញ​បច្ចេកវិទ្យា ព័ត៌មាន​ទាំងអស់​នោះទេ។

បណ្ឌិត ឯក មនោ​សែន បាន​និយាយថា៖ «គ្រប់​ការងារ​ទាំងអស់​មិនមែន​ត្រូវ​ការជំនាញ​ផ្នែក​កូដ ឬ​ផ្នែក​កម្មវិធីជ្រៅៗនៃ​មុខជំនាញ​ព័ត៌មានវិទ្យា​នោះទេ តែ​ការសិក្សា​ជំនាញ​កុំព្យូទ័រ​វា​មាន​បែបផែនផ្សេងៗគ្នា។ ជា​ឧទាហរណ៍ អ្នកសិក្សា​គណនេយ្យ​ត្រូវ​ការជំនាញ​កុំព្យូទ័រ តែ​គេ​មិនចាំបាច់​ត្រូវ​រៀន ICT នោះទេ គេ​រៀន​តែ​កម្មវិធី​មួយចំនួន​ដូចជា Quick Book ឬ Peach Tree ជាដើម​ក៏បាន ហើយ​អ្នកសិក្សា​ព័ត៌មានវិទ្យា​ក៏​មិន​ប្រាកដថា ចេះ​កម្មវិធី​ទាំងអស់​នេះដែរ»។

អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា តាមពិតទៅ​អ្នកណា​ក៏ត្រូវ​ចេះ​កុំព្យូទ័រ​ដែរ តែ​កម្មវិធី​មួយចំនួន​យើង​អាច​សិក្សា​វគ្គខ្លីៗ ឬ​រៀន​ដោយ​ខ្លួនឯងបាន ហើយ​នៅ​សាកលវិទ្យាល័យ​ក៏​គេ​មាន​បង្រៀន​វគ្គ​កុំព្យូទ័រ​ដែល​ត្រូវ​ជាមួយនឹង​អាជីព​ការងារ​នោះដែរ។ សូម​និស្សិត​កម្ពុជា​កុំ​មានការ​យល់ច្រឡំ​គិតថា បើ​ចង់​រៀន​ជំនាញ​ណាមួយ​ហើយ ត្រូវតែ​រៀន​ជំនាញ ICT មួយ​មុខ​ទៀត​ទើប​មានការ​ងារ​ធ្វើ ដែល​តាមពិតទៅ​វា​មិនមែន​ដូច្នោះ​ទេ៕

Advertisement