AirAsia ចូលរួម​រកស៊ី​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ​ នៅ ប្រទេស​ថៃ

ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប AirAsia បញ្ចេញ​សេវាកម្ម​ហៅ​យានជំនិះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ បាងកក ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធ្វើដំណើរ​នៅពេល​វិស័យ​ទេសចរណ៍​ងើបឡើង​វិញ។

សេវាកម្ម AirAsia Ride ចាប់ដំណើរការ​ពីថ្ងៃ​ទី ៣១ ឧសភា នៅ ទីក្រុង​បាងកក ដោយមាន​អ្នកបើកបរ​ចំនួន ៣,០០០ នាក់។ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ទាក់ទាញ​អ្នកបើកបរ​បន្ថែមទៀត​ផងដែរ។ ក្រៅពី បាងកក AirAsia ក៏​ដាក់​គោលដៅ​អភិវឌ្ឍ​សេវា​កម្មនេះ នៅ ភូ​កេ​ត និង ឈៀង​ម៉ៃ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​បរទេស។

ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​នេះ​ក៏​សង្ឃឹម​ទៅលើ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​រដូវក្ដៅ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ផ្ដល់​សេវាកម្ម​ចាប់ពី​ការហៅ​យានជំនិះ រហូតដល់​ការ​កក់​សំបុត្រ​យន្តហោះ។ ក៏ប៉ុន្តែ AirAsia ក៏​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​គូប្រជែង​នៅ ប្រទេស​ថៃ មានដូចជា Grab និង Bolt Technology ជាដើម។

AirAsia បានផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​នៅ គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ចាប់តាំងពី​ខែសីហា ឆ្នាំ ២០២។ យោងតាម Statista តម្លៃ​ទីផ្សារ​នៃ​វិស័យ​ហៅ​យានជំនិះ និង​បញ្ជា​ទិញ-ប្រគល់​អាហារ​តាម​កម្មវិធី​បច្ចេកវិទ្យា​នៅ អាស៊ីអាគ្នេយ៍ អាច​នឹង​កើនឡើង​ខ្ពស់ជាង​មុន ៣ ដង ឡើងដល់ ៤២ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥។ កាលពី​ឆ្នាំ ២០២១ ទីផ្សារ​នេះ​មានតម្លៃ​ប្រហែល ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

AirAsia (Capital A Berhad) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Tune Group គឺជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ ពហុ​ជាតិ​របស់ ម៉ាឡេស៊ី ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្បែរ​​មជ្ឈមណ្ឌល​នៃ​ ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។

Advertisement