ធនាគារពិភពលោក​ព្យាករ​ថា តម្លៃ​ថាមពល ស្បៀងអាហារ​នឹង​ឡើង​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល ៣ ឆ្នាំ​ទៀត

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​នាំឱ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​របស់​ពិភពលោក ឡើងថ្លៃ​ខ្ពស់​ខ្លាំង​ក្នុង​រង្វង់ ៣ ឆ្នាំ​ទៅមុខទៀត ធ្វើឱ្យមាន​ការបារម្ភ​ថា សេដ្ឋកិច្ច​សកល​កំពុង​ឆ្ពោះទៅរក​ដាន​នៃ​ឱនភាព និង​អតិផរណា​ខ្ពស់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។

ក្នុងការ​វិភាគ​មួយ ធនាគារពិភពលោក (World Bank/WB) ដែលមាន​ទីស្នាក់ការ​នៅ ទីក្រុង​វ៉ា​ស៊ី​ង​តោន ឱ្យដឹងថា តម្លៃ​ទំនិញ​ឡើង​ខ្ពស់​អាច​រក្សា​រហូតដល់​ចុងឆ្នាំ ២០២៤ និង​បង្ក​ឱ្យ​ស្ថានភាព​អតិផរណា​ខ្ពស់ មិន​ប្រែប្រួល។ ប្រការនេះ​បង្ហាញថា កំណើនសេដ្ឋកិច្ច និង​ការ​ទិញដូរ​របស់​អ្នកប្រើប្រាស់​ត្រូវ​ថយចុះ ខណៈដែល​អត្រា​បាត់បង់​ការងារ​មាន​កម្រិត​ខ្ពស់ ចំណែក​តម្លៃ​ទំនិញ​ក៏​កើនឡើង​យ៉ាង​លឿន។

យោងទៅលើ​ស្ថានការណ៍​រអាក់រអួល​នៃ​សកម្មភាព​ជំនួញ និង​ចង្វាក់​ផលិតកម្ម ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន WB ព្រមាន​ថា តម្លៃ​ថាមពល​នឹង​កើន ៥០% ក្នុងឆ្នាំនេះ។ ប្រេង Brent នឹង​កើន​ដល់​កម្រិត​មធ្យម ១០០ ដុល្លារ/ធុង នៅ​ឆ្នាំ ២០២២ ហើយ​ធ្លាក់​ទៅរក ៩២ ដុល្លារ​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ តួលេខ​នេះ​នៅតែ​ខ្ពស់ជាង​តម្លៃ​មធ្យម ៦០ ដុល្លារ/ធុង ធៀប​នឹង​រយៈពេល ៥ ឆ្នាំ។

តម្លៃ​ឧស្ម័ន​របស់ អឺរ៉ុប នឹង​ខ្ពស់ជាង​ទ្វេដង​នៅក្នុង​ឆ្នាំ ២០២២ ធៀប​នឹង​ឆ្នាំ ២០២១ ខណៈដែល​ធ្យូងថ្ម​នឹង​កើនឡើង​ជាង ៨០%។ ចំណែក​ស្រូវ​សាលី​វិញ នឹង​ឡើងថ្លៃ​ជាង ៤០% ក្នុងឆ្នាំនេះ ធ្វើឱ្យប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ស្រូវ​សាលី​ពី រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

រុស្ស៊ី គឺជា​ប្រទេស​ដែល​នាំចេញ​ឧស្ម័ន​ធម្មជាតិ និង​ជី​ដាក់​ដំណាំ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ទន្ទឹមនឹងនេះ រុស្ស៊ី ក៏​ជា​ប្រទេស​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី ២ ផងដែរ។ ចំណែក អ៊ុយ​ក្រែ​ន វិញ នាំចេញ​ស្រូវ​សាលី​ជិត ៣៣%, ពោត ១៩% និង​ប្រេង​ឈូករ័ត្ន ៨០% ធៀប​នឹង​ពិភពលោក​ទាំងមូល៕

Advertisement