Monaco ដាក់ការជឿជាក់លើ Falcao ក្នុងពេលប៉ះ Juventus រាត្រីនេះ

ក្រុម​ប្រជុំ​ដោយកីឡាករ​វ័យ​ក្មេង Monaco នឹង​​សម្លឹង​រក​ការ​បង្ហាញ​ពី​ទម្រង់​លេង​ឲ្យ​ល្អ ហើយ​ពួកគេនឹង​ដាក់​ការ​ជឿ​ជាក់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Radamel Falcao ក្នុងការ​ទម្លុះ​តំបន់ការ​ពារ​ដ៏រឹង​មាំ​របស់​​ក្រុមសេះ​បង្កង់ Juventus ក្នុងពេលក្រុម​​ទាំង​ពីរ​ជួបគ្នាក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ​រាត្រីនេះ​​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ នឹង​​ទទួល​តួ​នាទី​ជា​​ប្រធាន​ក្រុម​ពេល Monaco ជួប​ជា​មួយ​នឹងក្រុម​យក្ស​របស់​​អ៊ី​​តាលី ដែល​មាន​តា​​​រាឆ្នើម Gonzalo Higuain ក្នុ​ង​តំបន់​ប្រយុទ្ធ​របស់ពួកគេ ក្នុង​ការ​ប្រកួត​នា​​កីឡដ្ឋាន Stade Louis II​​។ Monaco បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​​ខ្លាំង​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​បាន​បង្ហាញ​​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ជា​មួយ​នឹ​ង​ក្រុម​ប្រជុំ​ដោយ​កីឡាករ​​វ័យ​ក្មេង​របស់​ពួក​​គេ ស្រប​ពេល​តា​រាឆ្នើម​ៗ​ដូច​ជា Kylian Mbappe, Bernardo Silva និង Thomas Lemar នឹង​ក្លាយ​ជា​គោល​ដៅ​​របស់​ក្លិប​ធំ​ៗ​នៅ​អឺ​រ៉ុប នា​រដូវក្តៅ​ខាង​មុខ​។ ​​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ជិត​១៥០​គ្រាប់ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​ឈ្នះពាន​របស់​បារាំង​។

Monaco បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​ណាស់​៣​​គ្រាប់​​ក្នុងមួយ​ប្រកួត ក្នុង​​រាល់​ការប្រកួត​វគ្គ​ចាញ់​​ធ្លាក់​ទាំង​ ៤​ប្រកួត​មក​ទល់​ពេលនេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការផ្តួលក្រុម Manchester City របស់លោក Pep Guardiola និងក្រុម Borussia Dortmund ផង​ដែរ ដើម្បី​ឈាន​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៤​។ លោក Vadim Vasilyev ប្រធាន​ក្លិប Monaco បាន​ប្រាប់​ស្ថា​នីយ​ទូរ​ទស្សន៍​​របស់​បារាំង TF1 ថា៖ «ខ្ញុំ​តែង​តែ​​ជឿ​ជាក់​ទៅ​លើ Radamel ហើយ​តាំង​ពី​ចាប់​ផ្តើម​រដូវ​កាល​នេះ ខ្ញុំ​បាន​និយាយ​រួច​ជា​ស្រេច​ថា រូប​គេ​នឹង​វិល​ទៅ​កាន់​ទម្រង់​លេង​​ដ៏ល្អ​បំផុត​របស់​គេ​វិញ​។ គ្មាន​នរ​ណា​ម្នាក់​​គិត​បែប​នោះ​ឡើយ ប៉ុន្តែ បច្ចុប្បន្ន យើង​បង្ហាញ​ឲ្យ​ឃើញ​រួច​ជា​​ស្រេច​»​។ ក្រុម Monaco បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ផ្តួល​ក្រុម Toulouse ៣-១ ក្នុង​ការ​ប្រកួត Ligue 1 កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ Juventus ដែល​​ជា​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពីឆ្នាំ​២០១៥ បាន​បញ្ចប់​​ក្នុង​លទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹក​ដីក្រុម Atalanta ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​របូត​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ ការ​ប្រកួតនេះនឹង​ចាប់ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

ប្រភព​ពី៖ Eurosports

Advertisement