ប្រេង​ធ្លាក់​ថ្លៃ បន្ទាប់ពី IMF ទម្លាក់​អត្រាកំណើន​សេដ្ឋកិច្ចពិភពលោក

តម្លៃ​ប្រេង​ពិភពលោក បាន​ធ្លាក់ចុះ​ប្រហែល ៥% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ១៩ មេសា ដោយសារ​បារម្ភ​ចំពោះ​តម្រូវការ​ប្រើប្រាស់ ក្រោយពី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ទម្លាក់​អត្រា​នៃ​ការរំពឹង​លើ​កំណើនសេដ្ឋកិច្ច និង​ព្រមាន​អំពី​បញ្ហា​អតិផរណា​ខ្ពស់។

បញ្ចប់​ការជួញដូរ​កាលពី​ម្សិលមិញ ប្រេង Brent ផលិត​ពី​រ៉ែ​ប្រេង​នៅ សមុទ្រ​ខាងជើង (North Sea) ធ្លាក់​ថ្លៃ ៥.៩១ ដុល្លារ (៥.២២%) មក​នៅត្រឹម ១០៧.២៥ ដុល្លារ/ធុង​បារ៉ែល ខណៈដែល​តម្លៃ​ប្រេង WTI របស់ អាម៉េរិក ថយចុះ ៥.៦៥ ដុល្លារ (៥.២២%) មក​នៅត្រឹម ១០២.៥៦ ដុល្លារ/ធុង។

តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ បើទោះជា​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង (OPEC) និង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត ឬ​ហៅថា OPEC+ បាន​កាត់បន្ថយ​ផលិតភាព នៅក្នុង​ស្ថានការណ៍​ដែល​បរិមាណ​ប្រេង​ដែល​ផលិត​នៅ រុស្ស៊ី ចាប់ផ្ដើម​ថយចុះ ​ដោយ​សារ​​ទណ្ឌ​កម្ម​ពី​លោកខាងលិច។ OPEC+ ផលិត​ប្រេង​ក្នុង​បរិមាណ​ក្រោម​កម្រិត​នៃ​គោលដៅ ១.៤៥ លាន​ធុន/ថ្ងៃ នៅក្នុង​ខែមីនា ២០២២ ក្នុងពេលដែល រុស្ស៊ី ផលិត​តិចជាង ៣០០,០០០ ធុង/ថ្ងៃ ធៀប​នឹង​គោលដៅ ១០,០១៦ លាន​ធុង/ថ្ងៃ។

IMF បាន​ទម្លាក់​អត្រាកំណើន​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក ប្រហែល ១% ដោយសារតែ​ភាព​តានតឹង​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅតែ​កើតមាន ហើយ​ថា អតិផរណា​គឺជា «ការគំរាមកំហែង​ដែលមាន​ពិតប្រាកដ និង​ច្បាស់លាស់ ចំពោះ​ប្រទេស​ជាច្រើន​ក្នុង​សកលលោក៕

Advertisement