មហាសេដ្ឋី​លេខ ១ របស់​ពិភពលោក ប្រាប់ថា ព្រោះ​គ្មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ លោក​ត្រូវ​ស្នាក់នៅ​ដោយសារ​ផ្ទះ​របស់​មិត្តភក្ដិ

មហាសេដ្ឋី Elon Musk បានឱ្យដឹងថា បច្ចុប្បន្ន គាត់​មិនមាន​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ ហើយ​ជា​ញឹកញាប់ គាត់​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុងផ្ទះ​របស់​មិត្តភក្ដិ។

«សូម្បីតែ​ផ្ទះ​ក៏​ខ្ញុំ​មិនមាន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ខ្ញុំ​ពិតជា​កំពុងស្នាក់នៅ​ឯ​ផ្ទះ​របស់​មិត្តសម្លាញ់​របស់ខ្ញុំ។ បើ​ខ្ញុំ​ទៅកាន់​តំបន់​ឈូង​សមុទ្រ San Francisco ជាទី​ដែល​ដាក់​មូលដ្ឋាន​បច្ចេកទេស​ស្ទើរតែ​ទាំងអស់​របស់ Tesla ខ្ញុំ​នឹង​ទៅ​ស្នាក់នៅ​ដោយសារ​ផ្ទះ​របស់​មិត្តភក្ដិ» លោក Elon Musk ចែករំលែក​នៅក្នុង​ការ​ជជែក​ជាមួយ​កម្មវិធី TED ដែល​ត្រូវបាន​ផ្សាយ​កាលពី​ចុង​សប្ដាហ៍​កន្លង។

នៅពេល​ត្រូវបាន​សួរ​អំពី​ភាពខុសគ្នា​រវាង​អ្នកក្រ និង​អ្នក​មាននៅ អាម៉េរិក នាយក​ប្រតិបត្តិ​របស់ Tesla និយាយថា «ប្រាកដ​ជាមាន​បញ្ហា​ធំ បើសិនជា​ខ្ញុំ​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង ១ ឆ្នាំៗ ទៅលើ​ការចាយវាយ​ផ្ទាល់ខ្លួន ប៉ុន្តែ មិន​ដូច្នោះ​ទេ»។

លោក Musk ឱ្យដឹងថា លោក​មិនបាន​ចាត់ទុក​ការចំណាយ​ផ្ទាល់ខ្លួន​របស់លោក​ថា​ខ្ពស់​ឡើយ លើកលែងតែ​លោក​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន។ «ប៉ុន្តែ បើ​ខ្ញុំ​មិន​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន ពេលវេលា​ធ្វើការ​របស់ខ្ញុំ​នឹង​ថយចុះ» លោក Musk បញ្ជាក់។

កាលពី​ឆ្នាំ ២០០០ មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ បានប្រកាសថា នឹង​លក់​សម្បត្តិ​ជា​អចលនទ្រព្យ​ស្ទើរតែ​ទាំងអស់​របស់លោក ដើម្បី​បន្ធូរបន្ថយ​ការរិះគន់​អំពី​ភាព​ស្ដុកស្ដម្ភ​របស់លោក។ ចុងឆ្នាំ ២០២១ លោក Musk បាន​ក្លាយជា​មនុស្ស​គ្មាន​ផ្ទះសំបែង ក្រោយពី​បាន​លក់​ភូមិគ្រឹះ​ចុងក្រោយ​នៅ California ក្នុងតម្លៃ ៣០ លាន​ដុល្លារ។ បន្ទាប់មក លោក​ក៏បាន​ជួល​ផ្ទះមួយ​ខ្នង​ដែលមាន​តម្លៃ ៥០,០០០ ដុល្លារ នៅ Boca Chica នៃ​រដ្ឋ Texas។

យោងតាម​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​តាម​ពេលវេលា​ជាក់ស្ដែង​របស់ ទស្សនាវដ្ដី Forbes លោក Elon Musk បច្ចុប្បន្ន​មានទ្រព្យ​សុទ្ធ​ប្រមាណ ២៦៩.៥ ពាន់​លាន​ដុល្លារ ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក៕

Advertisement