ណាសា (NASA) ធ្វើការសាកល្បងរ៉ុក្កែតខ្នាតយក្ស ជាប្រព័ន្ធបាញ់បង្ហោះ SLS ដែលប្រើប្រាស់ដើម្បីដឹកមនុស្សឡើងទៅកាន់ឋានព្រះចន្ទ ចាប់ពីថ្ងៃទី១ ដល់ទី ៣ ខែមេសា។
រ៉ុក្កែត SLS ត្រូវបានដឹកទៅកាន់ប្រព័ន្ធទម្រសម្រាប់បាញ់បង្ហោះរបស់ ណាសា នៅឯមជ្ឈមណ្ឌលអវកាស Kennedy កាលពី ២ សប្ដាហ៍មុន ក្រោយពីការចំណាយពេលអភិវឌ្ឍច្រើនឆ្នាំមកនេះ។ រ៉ុក្កែតនេះគឺជាចំណុចស្នូលក្នុងគម្រោងនាំអាកាសចររបស់ ណាសា ត្រលប់ទៅកាន់ឋានព្រះចន្ទជាលើកដំបូង បន្ទាប់ពីបានខកខានច្រើនទសវត្សរ៍ និងសម្រាប់គោលដៅបន្ទាប់ពីទៅកាន់ពិភពអង្គារ។
ជើងហោះហើរដំបូងរបស់ SLS នឹងត្រូវបានធ្វើឡើងនៅចុងឆ្នាំ ២០២២ ក្នុងបេសកកម្ម Artemis។ រ៉ុក្កែតនេះនឹងនាំយាន Orion គ្មានមនុស្សបើកបរ ទៅកាន់ទីអវកាស និងហោះជុំវិញឋានព្រះចន្ទ។ តាមផែនការ ដំណើរនៃការហោះហើរនឹងអូសបន្លាយពេលពី ៤ ទៅ ៦ សប្ដាហ៍។
នៅមុនការហោះហើរខាងលើ SLS នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនលើកដើម្បីធានាថា ប្រព័ន្ធទាំងឡាយរបស់វាដំណើរការល្អ។ ការសាកល្បងដំបូងមួយចំនួននឹងត្រូវធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣ មេសា។